ព័ត៌មានទាន់ហេតុការណ៍៖

នៅកំពង់ស្ពឺមានកន្លែងឈូសលេខទិញ-លក់ម៉ូតូចោរ ទាល់តែចាប់បាន ទើបបែកសម្បុក

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ទីតាំងលក់ម់ូតូមួយកន្លែងត្រូវបានដឹងថា ជាកន្លែងឈូសលេខ និងទិញ លក់ម៉ូតូចោរកម្ម ដែលសមត្ថកិច្ចទើបបំបែកបានក្រោយពីម៉ូតូ០១គ្រឿង ត្រូវបានម្ចាស់ស្គាល់ ហើយប្តឹងសមត្ថកិច្ចអោយឃាត់ ដើម្បីពិនិត្យហើយក៏ស្គាល់ច្បាស់ថាជារបស់ខ្លួន គ្រាន់តែមានការឈូសលេខតួ និងម៉ាស៊ីន។

ការចុះពិនិត្យស្តង់លក់ម៉ូតូចោរនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅស្តង់យីហោភឿងគន្ឋី ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ម្ចាស់ស្តង់ឈ្មោះមឿង គន្ឋី ភេទប្រុស អាយុ៣៤ឆ្នាំ រត់គរចខ្លួនបាត់ រស់នៅកន្លែងខាងលើ ។

លោកវរសេនីយ៍ត្រីបុត ប៑ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា មុនឈានដល់ការត្រួតពិនិត្យស្តង់លក់ម៉ូតូនេះ សមត្ថកិច្ចរបស់លោកបានបំបែកសំណុំរឿងចោរកម្មលួចម៉ូតូបាត់កាលពីបុណ្យអុំទូកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីម្ចាស់ម៉ូតូឃើញម៉ូតូរបស់ខ្លួននៅនឹងអ្នកដទៃ ជិះហើយរាយការណ៍ឲ្យសមត្ថកិច្ចលោកជួយឃាត់ ដើម្បីពិនិត្យអោយជាក់់ច្បាស់។

ប្រភពបន្តថា ក្រោយពិនិត្យឃើញថា ម៉ូតូដែលឃាត់នេះ មានការឈូសលេខ កែច្នៃមិនត្រឹមត្រូវ មានភាពមិនប្រក្រតី ស្លាកលេខផ្សេង ហើយកាតគ្រីផ្សេង។
លោកអធិកាបន្តថា បុរសដែលជិះបានប្រាប់សមត្ថកិច្ចថា ម៉ូតូនេះ ខ្លួនទិញពីស្តង់ខាងលើ ទើបសមត្ថកិច្ចចម្រុះ ក្រោមបញ្ជាជារបស់លោកស្នងការចុះឆែកឆេរ និងពិនិត្យស្តង់ម៉ូតូខាងលើ ក្នុងនោះរកឃេីញម៉ូតូសង្ស័យទីផ្សារចោរឈូសលេខក្លែងជាច្រើនគ្រឿង។ ម៉ូតូទាំងនេះ ភាគច្រើនមិនមានឯកសារទិញចូល លក់ចេញឡើយ នៅផ្សារកំពង់ស្ពឺនេះ ។

លោកអធិការបន្តថា ក្នុងការត្រួតពិនិត្យនេះ សមត្ថកិច្ចរកម៉ូតូឃេីញដែលមានភាពមិនប្រក្រតី និងដកហូតចំនួន33គ្រឿងរួមមាន÷

-ម៉ូតូចោរលួចវត្ថុតាង01គ្រឿង

-ម៉ូតូសង្ស័យពាក់ពន្ធ័ចោរកម្ម10គ្រឿង

-ម៉ូតូអត់ពន្ធចំនួន22គ្រឿង។

លោកឧត្តមសរនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ដែរថា ករណីនេះលោកបានចាត់ក្រុមជំនាញ និងព្រហ្មទណ្ឌចុះស្រាវជ្រាវរកឃើញម៉ូតូ ដែលសង្ស័យមានភាពមិនប្រក្រតីជាច្រើនគ្រឿង ។

លោកបានបញ្ជាឲ្យកម្លាំងជំនាញចុះត្រួតពិនិត្យលើស្តង់សង្ស័យ ដើម្បីស្វែងរកម៉ូតូពាក់ព័ន្ធនឹងបញ្ហាផ្សេងៗទៀត ក្នុងនោះដោយរកឃើញម៉ូតូស៊េរី សេ១២៥ អត់មានពន្ធចំនួន២២គ្រឿង និងប្រភេទម៉ូតូសង្ស័យពាក់ព័ន្ធនឹងបទល្មើស ក្នុងនោះមានឈូសលេខកាតគ្រីផ្សេង និងស្លាកលេខផ្សេងចំនួន១០គ្រឿង និងម៉ូតូសង្ស័យករណីលូច១គ្រឿង សុទ្ធតែមានឈូសលេខ ។

លោកស្នងការ ក៏បានប្រកាសផងដែរថា បើបងប្អូនប្រជាពលរដ្ឋណា ដែលធ្លាប់បាត់ម៉ូតូកន្លងមក ឲ្យយកឯកសារមកផ្ទៀងផ្ទាត់ និងពិនិត្យមើលជាមួយសមត្ថកិច្ច បើរកឃើញថា ជាម៉ូតូរបស់ខ្លួនហើយ សូមជួយដាក់ពាក្យបណ្តឹង ដើម្បីឲ្យមានទម្ងន់ងាយស្រួលសមត្ថកិច្ចលោកតាមចាប់ម្ចាស់ស្តង់ខាងលើ យកមកប្រគល់ឲ្យតុលាការកុំឲ្យតុលាការចេះតែដោះលែងដោយងាយៗពេក ។

លោកស្នងការបន្តថា ក្នុងនោះសមត្ថកិច្ចរបស់លោក ក៏បានឃាត់ខ្លួនអ្នកលក់ម៉ូតូម្នាក់ផងដែរ ពេលនេះសមត្ថកិច្ចរបស់លោកកំពុងតែសាកសួរ ។

មន្ត្រីនគរបាលតូចតាចបានបង្ហើបថា នេះជាលើកទី១ហើយ ដែលមានសមត្ថកិច្ចបង្ក្រាបទីតាំងលក់ម៉ូតូអត់ពន្ធនិងឈូសលេខរបៀបនេះ។ ពួកឈ្មួញរកសុីភាគច្រើនគេសហការជាមួយមន្ត្រីនគរបាលថ្នាក់អន្រ្ទើសៗ ដើម្បីជាខ្នងបង្អែកក្នុងការរកសុីទិញ លក់ម៉ូតូអត់ពន្ធនិងឈូសលេខនេះ។ ស្តង់ប្រភេទនេះ មានច្រើនកន្លែងណាស់ក្នុងក្រុងច្បារមន តែមិនដែលមានមន្ត្រីជំនាញណាម្នាក់ អើពើបង្ក្រាបឡើយ ទើបតែលោកស្នងការថ្មីឡើងមកម្នាក់ ស្ទុះស្ទារបង្ក្របយកស្នាដៃ។
មន្ត្រីដដែលបានបង្ហើបទៀតថា គ្រប់ស្តង់ដែលលក់ម៉ូតូអត់ពន្ធគេបង់ឲ្យខាងនគរបាលសេដ្ឋកិច្ចខេត្ត ចំណែករឿងពាក់ព័ន្ធម៉ូតូឈូសលេខគេបង់ឲ្យជំនាញ។ ព្រោះតែដួច្នេះហើយ បានជាកន្លងមក នៅពេលដែលចាប់បានជនសង្ស័យក្នុងករណីចោរកម្ម គេមិនដែលឃើញអស់លោកសមត្ថកិច្ចទាំងនោះចាប់ឃាត់ខ្លួនម្ចាស់ទីតាំងពីបទទទួលផលចោរកម្មឡើយ ជាពិសេសស្តង់លក់ម៉ូតូយីហោឈុនហោតែម្តង ដែលសំបូររឿងជាងគេក្នុងក្រុងច្បារមននេះ។

មហាជនរង់ចាំមើលទៀតថា តើថ្ងៃបន្តអស់លោកសមត្ថកិច្ចនឹងចាត់វិធានការបែបណាចំពោះស្តង់លក់ម៉ូតូអត់ពន្ធនៅក្រុងច្បារមន ដែលកំពុងដាក់លក់ព្រោងព្រាតដូចផ្សិតបែបនេះ។ មហាជនលើកឡើងថា បើចង់ចាប់ម៉ូតូអត់ពន្ធ និងឈូសលេខពេលនេះ គឺមិនអាចចាប់បានឡើយ ព្រោះឈ្មួញបានអូសទៅលាក់ទុកបាត់អត់ទៅហើយ ជាពិសេសម៉ូតូពាក់ព័ន្ធនឹងបទល្មើសតែម្តង។ មានការលើកឡើងទៀតថា បើចង់លុបបំបាត់កុំឲ្យមានការលក់ម៉ូតូដោយខុសច្បាប់ទៀត សមត្ថកិច្ចគួរតែលុបបំបាត់កន្លែងកុងសុីបញ្ចាំជាមុនសិន ទើបអាចធ្វើទៅរួច បើមិនធ្វើអីចឹងទេ មិនអាចគ្រប់គ្រងបានឡើយ ៕ សេនាស័ក្តិ

abc-1 abc-2 abc-3 abc-4


ចែករំលែក៖