ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមនិស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង បានចូលរួមសិក្ខាសាលាស្តីពីឱកាសការងារនៅកម្ពុជា នៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

ចែករំលែក៖

លោក ថង សាម៉ុន បានធ្វើបទបង្ហាញស្តីពីទំហំ និងឱកាសការងារនៅកម្ពុជាដល់និស្សិតដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីលើកទឹកចិត្តដល់និស្សិតកម្ពុជាដែលនឹងបញ្ចប់ការសិក្សាពីប្រទេសចិនខាងមុខនេះ ត្រលប់ទៅប្រទេសកម្ពុជាវិញដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងផ្នែកនៅក្នុងផ្នែករដ្ឋ និងឯកជន។ កម្ពុជាយើងបច្ចុប្បន្ននេះកំពុងត្រូវការធនធានមនុស្សច្រើនដើម្បីកសាង និងអភិវឌ្ឍប្រទេស ពិសេសដូចពួកយើងទាំងអស់គ្នាដែលកំពុងសិក្សានៅទីនេះស្រាប់ ព្រោះតាមរយៈខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមកដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកៀងករអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ជាពិសេសអ្នកវិនិយោគចិន ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានបង្កើនឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង។ លោកបានបន្ថែមទៀតថានៅកម្ពុជាមានការងារជាច្រើនសម្រាប់បងប្អូនយើងជានិស្សិត ជាពិសេសមានក្រុមហ៊ុនចិនជាច្រើនកំពុងប្រកបអាជីវកម្មលើផ្នែកសំខាន់ៗ ដូចជា ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សំណង់ និងវារីអគ្គិសនីជាដើម។

ក្នុងនាមអ្នករៀបចំកម្មវិធី លោក អ៊ុំ វុទ្ធទី ជាប្រធាននិស្សិតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ខែក កែមាលី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែយកចិត្តទុកដាក់ចំពោះក្រុមនិស្សិតកម្ពុជាដែលកំពុងរៀននៅប្រទេសចិន ជាពិសេសនិស្សិតដែលកំពុងរៀននៅរដ្ឋធានីប៉េកាំង។ ទន្ទឹមគ្នាផងដែរ ក្រុមនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅរដ្ឋធានីប៉េកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលបានឧបត្ថម្ភថវិកាចំនួន៥០០០ ដុល្លារ ក្នងអំឡុងពេលដែលសម្តេចភក្តី មកទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងកាលពីខែកក្ដដា ឆ្នាំ២០១៦ កន្លងមកនេះ ដើម្បីទ្រទ្រង់សកម្មភាពជួយសម្របសម្រួលនិស្សិតនៅប៉េកាំកន្លងមក។

សកម្មភាពទាំងអស់នោះ មានដូចជា៖ (១) ទៅទទួលនិស្សិតថ្មីមកសិក្សានៅប៉េកាំងពីប្រលានយន្តហោះ មកសាលារបស់ពួកគាត់ ដោយរ៉ាប់រងថ្លៃដឹកជញ្ចូនទាំងអស់ (២) ចុះសួរសុខទុក្ខបងប្អូននិស្សិតថ្មី-ចាស់ តាមសាកលវិទ្យាល័យនីមួយៗ ជាមួយអាហារសាមគ្គីរួមគ្នា (៣) ទិញបន្ថែមនូវសម្ភារៈសិល្បៈ និងឧបត្ថម្ភថវិកាមួយចំនួនជូនក្រុមនិស្សិតផ្នែកសិល្បៈ (៤) ទិញសម្ភារៈលេងកីឡា ជូនក្រុមនិស្សិតផ្នែកកីឡា និងបងប្អូននិស្សិតតាមសាលាមួយចំនួន (៥) ជួយចេញថ្លៃព្យាបាលជម្ងឺនិស្សិតថ្មីចំនួនពីររូប (៦) បង់ថ្លៃវិភាគទានជូននិស្សិតកម្ពុជា២០រូបដើម្បីចូលរួមកម្មវិធីប្រជុំយុវជនអាស៊ាន-ចិនរយះពេល៣ថ្ងៃ (៧) ចំណាយថ្លៃដំណើរកំសាន្តឲ្យសមាជិកយុវជនស័្មគ្រចិត្តមួយចំនួនដើម្បីជាការលើកទឹកចិត្ត និង(៨) ចំណាយថ្លៃសម្ភារៈសម្រាប់រៀបចំកម្មវិធីនិស្សិត និងថ្លៃរដ្ឋបាលកន្លងមក។ ដោយឡែកថវិកាដែលនៅសល់ គឺទុកប្រើប្រាស់សម្រាប់ធ្វើសកម្មភាពផ្សេងៗទៀត ក្នុងកិច្ចការសម្របសម្រួលនិស្សិត។

ជាចុងបញ្ចប់នៃសិក្ខាសាលាលោក អ៊ុក ភាង ទីប្រឹក្សានៃសា្ថនទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានមានមតិផ្តាំផ្ញើ និងជូនពរដល់ក្មួយៗជានិស្សិតទាំងអស់ឲ្យស្រលាញ់គ្នាចេះជួយគ្នាទៅវិញទៅមកក្នុងជាបងប្អូនខ្មែរ និងខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាដើម្បីទទួលបានជោគជ័យគ្រប់ៗគ្នា ហើយត្រឡប់ទៅកម្ពុជាវិញចូលរួមអភិវឌ្ឍជាតិទាំងអស់គ្នា៕ សុខ ខេមរា

img_3715 img_3716 img_3717 img_3718 img_3719


ចែករំលែក៖