ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ ធ្វើការឃាត់ខ្លួនចោរស្រីម្នាក់ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាជនជាតិបរទេសម្នាក់ បាននាំស្រ្តីជាប់សង្ស័យឡើងផ្ទះសំណាក់ ហើយនាងធ្វើសកម្មភាពលួចលុយជនរងគ្រោះអស់ចំនួន២៣០០ដុល្លាអាមេរិច គេចខ្លួនដោយសុវត្តភាព រយះពេលមួយសប្ដាហ៍ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ក្របួចជាប់តែម្តង ។
ករណីឃាត់ខ្លួនចោរស្រីលួចលុយជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ផ្ទះជួល ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីលោកអ៊ុត សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះសេង សុខនី ភេទស្រីអាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនប្រាកដមានទីលំនៅផ្ទះជួល ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ លួចលុយចំនួន២៣០០ដុល្លាអាមេរិច ដែលប្រព្រឹត្តិឡើងនៅចំនុចក្នុងបន្ទប់ផ្ទះសំណាក់យីហោ រិទ្ធីហេងមាន ទីតាំងផ្ទះលេខ៤ ផ្លូវលេខ១៣ ភូមិ៩សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងមក ។
ជនរងគ្រោះឈ្មោះ ZAVAR GAZI. ភេទប្រុសអាយុ៥១ឆ្នាំជនជាតិតួគីមុខរបរទេសចរណ៍មានទីលំនៅផ្ទះជួលភូមិទួលសង្កែផ្លូវរទេះភ្លើងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញកាន់លិខិតឆ្លងដែនលេខU 11686704។ សំភារះបាត់បង់លុយចំនួន២៣០០ដុល្លា (ជនសង្ស័យយកសីុចាយអស់)។
លោកនាយប៉ុស្តិ៍វត្តភ្នំ បានបន្តទៀតថា ដោយយោងតាមពាក្យបណ្ដឹងជនរងគ្រោះបានមកដាក់ពាក្យថាមានករណីចោរលួចលុយរបស់គាត់អស់ចំនួន២៣០០ដុល្លារ នៅក្នុងផ្ទះសំណាក់យីហោ រិទ្ធីហេងមាន រួចគេចខ្លួនបាត់ ។លុះដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះក៏ឃាត់ខ្លួនចោរស្រី នៅចំណុចផ្ទះជួលខាងនេះតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕ដារ៉ា