ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានផ្សារគគីរនៅតែបន្តយកលុយពីអ្នកលក់ដូរតាមកញ្ច្រែងកញ្ជើ ល្អី ផ្គើននឹងសារាចររបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកណ្តាល៖ រាជរដ្ឋាភិបាលចេញ សារាចរណែនាំ ស្តីពីការលុបការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទូទាំងប្រទេសក៏ប៉ុន្តែលោក អិុន យ៉ុម ប្រធានផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មិនបានអនុវត្តតាមសារាចរ ណែនាំរបស់នាយករដ្ឋមន្ត្រីនោះទេ គឺ នៅតែបន្តយកលុយពីពលរដ្ឋលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី ដដែល ។

ការដែលប្រធានផ្សារគគីរបន្តយកលុយពីពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើនិងល្អី នេះមានន័យថា លោក អ៊ិន យ៉ុម ប្រធាន ផ្សារគគីរព្រហើនហ៊ានប្រឆាំងនឹងសារាចរណែ នាំរបស់សម្តេចនាយករដ្ឋមន្ត្រី។ ករណីនេះទាមទារឲ្យអាជ្ញាធរស្រុកកៀនស្វាយ ពិសេស ប្រព័ន្ធតុលាការ ខេត្តកណ្តាលចាត់ វិធានការតាមផ្លូវច្បាប់ ដូចគ្នាទៅនឹងប្រធានផ្សារស្អាងផងដែរ ។

ពលរដ្ឋលក់ដូរខាងក្នុងនិងខាងក្រៅ បរិវេណផ្សារគគីរដាក់លក់តាមកញ្ច្រែង កញ្ជើ ល្អី បានលើកឡើងថា ក្រោយពី សម្តេចនាយករដ្ឋមន្ត្រីចេញសារាចរ ណែនាំស្តីពីការលុបការបង់ថ្លៃចំពោះពល រដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ពួកគាត់ មានការត្រេកអរយ៉ាងខ្លាំង បើទោះបីពួកគាត់លក់ដូរពុំសូវដាច់ក៏ដោយចុះ ហើយ ចំណាត់ការរបស់សម្តេច ហ៊ុនសែន នា ពេលនេះបង្ហាញឲ្យឃើញថា ប្រមុខរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋលក់ដូរកំប៉ិកកំប៉ុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។ តែផ្ទុយទៅ វិញប្រធានផ្សារគគីរនៅតែបន្តយកលុយភាស៊ីដដែល ។

ក្រុមអាជីវករទាំងនោះបានបន្តទៀតថា នៅពេលសព្វថ្ងៃនេះកូនចៅលោក អ៊ិន យ៉ុម ប្រធានផ្សារគគីរបានដើរយកលុយពីពួកគាត់ក្នុង១កញ្ច្រែង២០០រៀលរហូតដល់ ១.០០០រៀល ជារៀងរាល់ថ្ងៃ ។ ផ្នែកអនា ម័យបង់លុយឲ្យផ្សេង ។

សូមបញ្ជាក់ថា រឹកថ្ងៃទី២៣ខែ ធ្នូកន្លង ទៅលោក ប៉ោ សេង ប្រធានផ្សារស្អាង ក្នុងស្រុកស្អាងត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលកោះហៅឲ្យលោកបំភ្លឺក្នុងករណីបន្តយកលុយពីពល រដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី រួចហើយ ដែរ តែមិនដឹងជាគេចផុតពីការចោទប្រកាន់ឬយ៉ាងណានោះទេ ។ អ៊ីចឹងលោក អ៊ិន យ៉ុម ប្រធានផ្សារគគីរមានករណីដូចគ្នានិងប្រធានផ្សារស្អាងដែរ ។ ហេតុនេះនឹងអាចប្រឈមនឹងប្រព័ន្ធតុលាការកោះហៅសាកសួរ ផងដែរ ។

ទាក់ទិននឹងការបន្តយកលុយពីពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីនៅផ្សារគគីរ នាពេលនេះអ្នកយកព័ត៌មានយើង មិនអាច ទាក់ទងសុំការបំភ្លឺពីលោក អ៊ិន យ៉ុម ជុំវិញ រឿងនេះបានទេ ៕ ហេង សូរិយា

se-2 se se-3


ចែករំលែក៖