ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងសំណង់ផ្ទះល្វែងទុកចោល មួយកន្លែងបង្កឲ្យភ្ញាក់ផ្អើកកាលពីវេលា ម៉ោង១០ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែងទុកចោល តាមផ្លូវបេតុង បុរីព្រីនថោន ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណមានអាយុជាង៥០ឆ្នាំតែបើតាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថាគាត់ជាមនុស្សអនាថា ដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដតែច្រើនដេកស្នាក់នៅតាមសំយាបផ្ទះប្រជាពលរដ្ឋក្នុងបុរីខាងលើហើយផឹកស្រាជាប្រចាំក្លាយជា មនុស្សញៀនស្រាខ្លាំង ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថារាល់ថ្ងៃគេឃើញជនរងគ្រោះដើររើសអេតចាយ ហើយផឹកស្រាទាំងយប់ទាំងថ្ងៃដើរដេក តាមចិញ្ចើមផ្លូវ ហើយមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ គេ ឃើញជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងដេកនៅលើចិញ្ចើមផ្លូវមុខផ្ទះល្វែងទុកចោល កន្លែងកើតហេតុខាងលើហើយក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរដោយសារជនរងគ្រោះកើតមានសភាពបែបនេះរាល់ថ្ងៃទៅហើយ។ រហូតដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ បន្ទាប់ពីនៅកន្លែងកើតហេតុមានស្អុយ សំរាមពេក ពលរដ្ឋទ្រាំលែងបានក៏ទៅមើល និងរកវិធានការដុតសំរាមចោលបែរជា ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងផ្ទះល្វែងទុកចោលទៅវិញ ទើបបង្កឲ្យភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះពិនិត្យមើលជាក់ស្តែង ។
ជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យនិងធ្វើកោសល្យវិច័យរួចឃើញថា ជនរងគ្រោះស្លាប់ដោយសារជំងឺខ្យល់គ ផឹកដាច់បាយទឹករហូតគាំងបេះដូងស្លាប់តែម្តង ។
សាកសពក្រោយពិនិត្យរួចសមត្ថកិច្ច និងអាជ្ញាធរបានដឹកយកទៅតម្កល់ទុករៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តតាំងកសាងខាងជើង និងបន្តធ្វើការស្រាវជ្រាវរកសាច់ញាតិជាក្រោយ ៕ សហការី