ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តក្រចេះបើកសិក្ខាសាលា”ការអភិរក្សជីវចម្រុះនៅតាមដងទន្លេមេគង្គ”

ចែករំលែក៖

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ឯសណ្ឋាគារហ៊រ ប៊ុន្នី ស្ថិត នៅក្នុងក្រុងក្រចេះបានរៀបចំសិក្ខាសាលាថ្នាក់ខេត្តដោយនិយាយអំពី”ការអភិរក្សជីវចម្រុះ នៅតាមដងទន្លេមេគង្គ”ដោយមានការចូលរួមពីលោក អៀ ម៉ុងដែន សមាជិកក្រុម ប្រឹក្សាខេត្ត, លោក ម៉េង ហ៊ាង អភិបាល រងខេត្តព្រមទាំងប្រធានអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ក្រុងនិងអង្គការដៃគូជាតិនិងអន្តរជាតិមួយចំនួន។

លោក ម៉េង ហ៊ាង អភិបាលរងខេត្ត ក្រចេះបានមានប្រសាសន៍ថាក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខខេត្តក្រចេះបានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកថែ រក្សានិងការពារជីវចម្រុះជាពិសេសការអភិរក្សការគ្រប់គ្រងនិងប្រើប្រាស់តំបន់ដីសើមស្របតាមប្រព័ន្ធវិមជ្ឈការដែលផ្តល់អំណាចដល់ថ្នាក់ក្រោមជាតិ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ថាខេត្តក្រចេះគឺជាខេត្តមួយដែលសម្បូរ ទៅដោយធនធានធម្មជាតិរួមមាន ព្រៃឈើ សត្វព្រៃ រ៉ែ ទំនាបលិចទឹក ទន្លេ បឹងបួ ជាពិសេស ទន្លេមេគង្គដែលជាប្រភពត្រីដ៏សម្បូរបែបសម្រាប់បំពេញតម្រូវការអាហារូបត្ថម្ភដល់ប្រជាជន ព្រមទាំងជាប្រភពទឹក និងដីល្បាប់ដ៏មានជីជាតិសម្រាប់វិស័យ កសិកម្ម។

ជាងនេះទៀតខេត្តក្រចេះក៏ជាតំបន់ដែលជាទីជម្រកដ៏សំខាន់នៃសត្វកំពុងទទួលរងគ្រោះថ្នាក់ជាច្រើនប្រភេទរួមមាន ត្រីគល់ រាំង ត្រីត្រសក់ ត្រីរាជ កន្ធាយក្បាលកង្កែប សត្វត្រយងចង្កំក.ស សត្វត្រដក់ សត្វត្មាត សត្វរំពេទន្លេ សត្វក្តាន់ និងជាពិសេសគឺសត្វផ្សោតទន្លេមេគង្គដែលត្រូវបានចាត់ទុកជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ របស់ព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលរងខេត្តបញ្ជាក់ថា ដោយ យោងទៅលើសារប្រយោជន៍និងភាពចាំបាច់នៃការការពារនិងអភិរក្សធនធានធម្មជាតិទាំងនេះរាជរដ្ឋាភិបាលកម្ពុជាបាន កំណត់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ដោយផ្តោតលើការគ្រប់គ្រងនិងអភិរក្សធនធានព្រៃឈើនិងជល ផលដើម្បីធានាចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ៕ហេង សូរិយា

315


ចែករំលែក៖