ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញឲ្យអគ្គមេបញ្ជាការរងទាំងអស់ បន្ដយកចិត្តទុកដាក់កសាងពង្រឹងរបៀបការពារជាតិឲ្យបានរឹងមាំលើគ្រប់វិស័យ ដោយដើរទន្ទឹមនឹងការកសាងបណ្តាកង ឯកភាពទាំងអស់ឲ្យមានសមត្ថភាពគ្រប់ គ្រាន់ ក្នុងការរក្សាអធិបតេយ្យភាពបូរណ ភាពទឹកដី រក្សាសន្តិភាព ស្ថិរភាពនយោ បាយ ការពារភាពសុខសាន្តរបស់ប្រជាជន បង្កនូវបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
ការជំរុញបែបនេះរបស់នាយឧត្តម សេនីយ៍ ប៉ុល សារឿន ត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និង ទិសដៅអនុវត្តការងារឆ្នាំ២០១៧ ។ កិច្ចប្រជុំ នេះមានការចូលរួមពីនាយឧត្តមសេនីយ៍ជាអគ្គមេបញ្ជាការរងជាច្រើនរូបផងដែរ ។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះស្នាដៃទាំងឡាយ ដែល កងយោធពលខេមរភូមិន្ទសម្រចបាននូវភារកិច្ចជាច្រើន លើភារកិច្ចការពារជាតិ និងការចូលរួមទប់ស្កាត់បង្ក្រាបរាល់បទល្មើសនានា ដោយរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរជូន សង្គមជាតិ ។
នាយឧត្តមសេនីយ៍បន្ដថា គ្រប់បណ្តា កងឯកភាពនៃកងយោធពលខេមរភូមិន្ទ រក្សាបានយ៉ាងខ្ជាប់ខ្ជួនក្នុងការ គោរព វិន័យ មានសាមគ្គីផ្ទៃក្នុងឲ្យបានស្អិតល្មួត បន្តខិតខំហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួនទទួលបានស្នាដៃ គួរជាទីមោទនៈ រក្សាការពារបានយ៉ាងរឹង មាំនូវអធិបតេយ្យភាព បូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា និងរក្សាបានល្អ នូវចំណងមិត្តភាពរវាងកងទ័ពនៃបណ្តា ប្រទេសជាមិត្ត ។
បន្ថែមពីនេះ ក្នុងទិសដៅអនុវត្តការងារឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់ បន្ថែមទៀត លើការកសាងពង្រឹងប្រៀបការពារជាតិឱ្យបានរឹងមាំលើគ្រប់វិស័យ ដោយដើរទន្ទឹមនឹងការជំរុញកសាងបណ្តាកង ឯកភាពទាំងអស់ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាអធិបតេយ្យភាព បូរណភាព ទឹកដី រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារភាពសុខសាន្តរបស់ប្រជាជន បង្ក នូវបរិយាកាស អំណោយផលសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ ថា ត្រូវយកចិត្តទុកដាក់ថែទាំកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ទាំងការបណ្តុះ បណ្តាល ការហ្វឹកហ្វឺន ជីវភាពរស់នៅសំដៅ ធ្វើឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ បំពេញភារកិច្ច ពិសេសគឺបណ្តាកងឯកភាពបំពេញការងារតាមព្រំដែនទាំងដែនគោក ដែនទឹក និងពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយកម្លាំងប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធីសំដៅកសាង ព្រំដែនឲ្យក្លាយជាតំបន់ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ៕ សុខដុម