ខេត្តឧត្តរមានជ័យ ៖ អភិបាលខេត្តឧត្តរមានជ័យអំពាវនាវឲ្យពលរដ្ឋណាដែលទៅធ្វើសៀវភៅឆ្លងដែន (Border Pass) ឬក៏ដឹកអីវ៉ាន់តិចតួចពីប្រទេសថៃ ហើយត្រូវនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនជាំសាង៉ាំ និងគយយកលុយថ្លៃពេក ឬក៏ជំរិត ឲ្យបង់ភាស៊ីខុសគោលការណ៍ គឺត្រូវតែហ៊ានដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរមក អាជ្ញាធរ ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានឮពលរដ្ឋខ្លះរិះគន់នគរបាលអន្តោប្រវេសន៍ និងគយនៅច្រកទ្វារព្រំដែនជាំសាង៉ាំ នៃស្រុកអន្លង់វែង ថាមានការធ្វើសៀវភៅឆ្លងដែនយកតម្លៃថ្លៃ និងគយបង្ខំឲ្យពលរដ្ឋដែលយកអីវ៉ាន់បន្តិចបន្តួចចេញពីថៃត្រូវបង់ភាស៊ីជាដើម ។
ពលរដ្ឋមួយចំនួនរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរិះគន់មន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែនខ្មែរ-ថៃ ជាំសាង៉ាំ ថាមានគោលការណ៍មិនច្បាស់លាស់លើការទារថ្លៃធ្វើសៀវភៅឆ្លងដែន (Border Pass) ពីពួកគេ ។
អ្នកខ្លះអះអាងថា នគរបាលអន្តោប្រវេសន៍ បានធ្វើសៀវភៅឆ្លងដែនឲ្យពួកគេ ដោយ ទារថ្លៃ១០ម៉ឺនរៀល និងខ្លះទៀតអះអាងថា សៀវភៅឆ្លងដែនមួយ គឺតម្លៃតែ៦ម៉ឺនរៀល ប៉ុណ្ណោះ ។
មេឃុំត្រពាំងប្រីយ៍ នៃស្រុកអន្លង់វែង គឺលោក ស៊ូ ណាតថ្លែង កាលពីថ្ងៃទី២៦ ខែធ្នូ ថា បញ្ហាធ្វើសៀវភៅឆ្លងដែននោះគឺ លោក មិនដឹងថា ពលរដ្ឋណាខ្លះមានបញ្ហាទេ ក៏ប៉ុន្តែ ចំពោះប្រជាពលរដ្ឋដែលចូលទៅទិញទំនិញពីប្រទេសថៃ ហើយពេលដឹកចេញមកវិញ គឺធ្លាប់មានបញ្ហាមន្ត្រីគយនៅច្រកព្រំដែន ឲ្យបង់ភាស៊ី ។
ប្រធានច្រកទ្វារព្រំដែនជាំសាង៉ាំ នៃ ស្រុកអន្លង់វែង លោក ហ៊ូ តារារិទ្ធ មាន ប្រសាសន៍ថា បញ្ហានគរបាលធ្វើសៀវភៅឆ្លងដែនយកតម្លៃថ្លៃនោះ គឺលោកតែងតែ លេចឮក្រៅផ្លូវការ ក៏ប៉ុន្តែនៅពេលដែលហៅប្រជាពលរដ្ឋមកសាកសួរ គឺមិនមានអ្នកណាមួយហ៊ានអះអាងឲ្យពិតប្រាកដឡើយ ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ក៏មានប្រសាសន៍ស្រដៀងគ្នានេះថា នៅតាមវេទិកាសាធារណៈជាញឹកញាប់ គឺលោកតែងឮប្រជាពលរដ្ឋលើកឡើងជុំវិញបញ្ហាដែលនគរបាលអន្តោប្រវេសន៍ច្រក ទ្វារព្រំដែនអូរស្មាច់ និងជាំសាង៉ាំធ្វើសៀវ ភៅឆ្លងដែន យកតម្លៃថ្លៃនោះដែរ ក៏ប៉ុន្តែ ក្នុងនាមលោកជាអភិបាលខេត្ត មិនដែលបានទទួលបណ្ដឹងជាផ្លូវការជុំវិញរឿងនេះទេ ។
លោកអភិបាលខេត្តឧត្តរមានជ័យអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវតែចូលរួមសហការ ដើម្បីប្រឆាំងនឹងការធ្វើសៀវភៅឆ្លងដែនទារថ្លៃហួសហេតុនេះ ៕ ប៉ែននួន