ភ្នំពេញ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នគរបាលប៉ុស្តិ៍ រដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក បាន ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកពី បទហិង្សាដោយចេតនា( ធាក់ត្រូវចំពោះស្ត្រីមានផ្ទៃពោះបណ្តាលឲ្យរលូតកូន )ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៤រសៀល នៅចំណុចបន្ទប់ លេខ៣ ផ្ទះជួលលេខ៣៣ ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខ របរកម្មករ ចល័តស្នាក់នៅផ្ទះជួលលេខ៤៨ ផ្លូវលេខ ២៤៧ ក្រុមទី២៦ ភូមិ១០ សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក ឯជនរងគ្រោះ ឈ្មោះ ស សេងលីហ្សា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការខារ៉ា អូខេលុចសារី ស្នាក់នៅបន្ទប់លេខ៣ ផ្ទះ ជួលលេខ៣៣ ផ្លូវលេខ៣៣៦ ក្រុម ទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ បឹងសាឡាងបានឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ វេលាប្រហែល៦ព្រឹកជនសង្ស័យបានឡើងទៅគោះទ្វារបន្ទប់ ជនរងគ្រោះរកប្តីរបស់គាត់ពេលនោះជន រងគ្រោះបានបើកទ្វារហើយប្រាប់ជនសង្ស័យថាប្តីខ្ញុំអត់នៅទេគាត់ទៅខេត្តបាត់ហើយទើបពេលនោះជនសង្ស័យបានត្រឡប់ទៅវិញ។ រហូតដល់ម៉ោងប្រហែល១០និង៣០ នាទីព្រឹកជនសង្ស័យបានឡើងទៅគោះទ្វារសួរម្តងទៀត។ពេលនោះជនរងគ្រោះបានប្រាប់ថាប្តីមិននៅហើយជនសង្ស័យបាន សម្លឹងមុខជនរងគ្រោះនិងសុំចូលទៅក្នុង បន្ទប់តែជនរងគ្រោះមិនឱ្យចូលហើយបានស្រែកឆោឡោ។ បន្ទាប់មកជនសង្ស័យ ភ័យបានរត់ចេញទៅបាត់រហូតដល់ម៉ោងប្រហែល៤រសៀលថ្ងៃដដែលជនសង្ស័យបានមកគោះទ្វារបន្ទប់ជនរងគ្រោះម្តងទៀត ពេលនោះជនរងគ្រោះបានបើកទ្វារឃើញជនសង្ស័យក៏បានស្រែកជេរថាអាងាប់ ហើយទាញទ្វារបិទទៅវិញ។
ករណីនេះធ្វើឲ្យជនសង្ស័យខឹងនៅតែបន្តធាក់ទ្វារបន្ទប់និងស្រែកថាមករកប្តីដើម្បីខ្ចីលុយ៥ដុល្លារ។ពេលនោះជនរងគ្រោះបានបើកទ្វារស្រាប់តែជនសង្ស័យបានធាក់ជនរងគ្រោះមួយជើងត្រូវចំពោះហើយរត់គេចខ្លួនបាត់។
ក្រោយមកជនរងគ្រោះធ្លាក់ឈាមបានទៅពេទ្យពិនិត្យផ្ទៃពោះ២ខែហើយគ្រូពេទ្យប្រាប់ថារលូតកូនហើយ ទើបនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបានមកដាក់ ពាក្យបណ្តឹង។ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋ បាលបឹងសាឡាងបានស្រាវជ្រាវរកឃើញជនសង្ស័យក៏ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕ហេង នរិន្ទ្រ