ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ចូលរួមទស្សនារូបថតដែលថតដោយអ្នកឈ្នះពានរង្វាន់ក្នុងកម្មវិធីមហោស្រពរូបថតអង្គរ

ចែករំលែក៖

ភ្នំពេញៈ អង្គការផ្ទះមេត្តាបានអញ្ជើញកម្មករសំណង់ភាគច្រើនជានារីមកទស្សនារូបថតដែលថតដោយអ្នកឈ្នះពានរង្វាន់នៅក្នុងកម្មវិធីមហោស្រពរូបថតអង្គរនៅក្នុងខេត្តសៀមរាប នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា.អាល្លឺម៉ង់ ស្ថិតនៅសង្កាត់ទន្លេរបាក់ ខណ្ឌចំការមន កាលពីរាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ។

លោក នីកូ ម៉ាស្ទ័រហាម ( Nico Masterham)ប្រធានអង្គការផ្ទះមេត្តាបានមានប្រសាសន៍ថា គោលបំណងដែលអញ្ជើញកម្មករសំណង់ភាគច្រើនជានារីមកទស្សនារូបថតនេះគឺដើម្បីឲ្យពួកគាត់បានមើលឃើញនូវអ្វីដែលជាការចូលរួមរបស់ពួកគាត់ក្នុងការធ្វើឲ្យរីកចម្រើនយ៉ាងខ្លាំងនៃវិស័យអចលនទ្រព្យនិងសំណង់តាមរយៈរូបថតដែលថតដោយអ្នកឈ្នះពានរង្វាន់នៅក្នុងកម្មវិធីមហោស្រពរូបថតអង្គរនៅក្នុងខេត្តសៀមរាប។

លោកបានបន្តថា ការអញ្ជើញកម្មករសំណង់មកទស្សនារូបថតដែលភាគច្រើនក្នុងរូបថតនោះគឺបង្ហាញពីជីវិតជាកម្មករសំណង់ដោយមានរូបកម្មករកំពុងរៀបឥដ្ឋ កំពុងបូកជញ្ជាំងជាដើម..។ល។ជាផ្នែកមួយនៃគម្រោងដែលមានឈ្មោះថា«សំណាញ់បៃតង»។

លោកបានបន្ថែមថា ផ្ទះមេត្តាបានសហការជាមួយមូលនិធិ Friendrich-Ebert ដើម្បីអនុវត្តគម្រោងពហុប្រព័ន្ធផ្សព្វផ្សាយ«សំណាញ់បៃតង»ដែលផ្តោតទៅលើលក្ខខណ្ឌការងារនិងជីវិតរស់នៅរបស់ស្ត្រីកម្មករសំណង់ចំនួន១៣រូប។ គម្រោងនេះត្រូវបានអនុវត្តដោយស្រ្តីខ្មែរដែលមានទេពកោសល្យ២រូបគឺកញ្ញានាក់ សុផល(អ្នកថតរូប)និង កេសរ(អ្នកស្រាវជ្រាវ.អ្នកសរសេរ)។

លោកប្រធានអង្គការបានបន្ថែមទៀតថា គម្រោងសំណាញ់បៃតងបានចូលរួមបង្កើតជារបាំសហសម័យមួយក្រោមកិច្ចសហការជាមួយអង្គការអម្រឹតាសិល្បៈ។ គ្រូបង្ហាត់រាំ អ្នករាំកម្ពុជា យ៉ុន ដាវី ដែលបានសិក្សាទាំងផ្នែករបាំបុរាណនិងផ្នែកនិទាន។ ដាវីតែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរាំរបាំសហសម័យហើយធ្លាប់បានចូលរួមសិក្ខាសាលានិងការសម្តែងជាមួយនិងអ្នកបង្ហាត់របាំជាច្រើន។ ដាវីធ្លាប់ទទួលជំនួយក្នុងការសិក្សាផ្នែករបាំសហសម័យនិងក្បាច់រាំនៅសាកលវិទ្យាល័យជាតិសិល្បៈតៃវ៉ាន់និងនៅទីក្រុង Surabaya។

គួររំលឹកថាកញ្ញា នាក់ ផលដែលជាអ្នកថតរូបកើតនៅឆ្នាំ១៩៨៩ខេត្តតាកែវ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈហើយត្រូវបានចាត់ទុកថាជាបុគ្គលមានទេពកោសល្យមួយរូបក្នុងឆាកសិល្បៈកម្ពុជា។ ក្នុងឆ្នាំ២០១៣នាងបានឈ្នះពានរង្វាន់នៅក្នុងកម្មវិធីមហោស្រពរូបថតអង្គរនៅក្នុងខេត្តសៀមរាប៕ តារា

unnamed-1 unnamed-2 unnamed-3 unnamed-4 unnamed-5 unnamed-6 unnamed-7 unnamed


ចែករំលែក៖