ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ បានរងរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ចអន្តរគមន៍ភ្លាមៗ ខណៈដែលបុរសម្នាក់បានយកកាំបិតចិតបន្លែចុងស្រួចទៅចាក់នារីជាគូដណ្តឹងរបស់ខ្លួន រួចអាកខ្លួនឯងតាមក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ មូលហេតុគឺបណ្តាលមកពីភាគីខាងស្រីសុំផ្តាច់ពាក្យ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញបានឲ្យដឹងថា ករណីខាងលើនេះ បណ្តាលមកពីភាគីស្រីដែលជាគូដណ្តឹងបានសុំផ្តាច់ពាក្យ ទើបបណ្តាលអោយបុរសជាគូដណ្តឹងខឹងសម្បារយ៉ាងខ្លាំង រហូតឈានដល់ធ្វើបែបនេះតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ជនបង្កឈ្មោះ សយ ញក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅខេត្តសៀមរាប ។ ចំណែកនារីរងគ្រោះឈ្មោះ ខាន់ រចនា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។
គួរបញ្ជាក់ថា ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង៥០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះមួយកន្លែងនៅផ្លូវលេខ១៩ កែងសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
បច្ចុប្បន្ននេះភាគីខាងនារីរបួសកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតតែរួចផុតគ្រោះថ្នាក់ហើយ ។រីឯខាងប្រុសក៏កំពុងជួយសង្គ្រោះនៅមន្ទីរផងដែរ ៕ តារា