ភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០១៧ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ១.៩៤៥នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកស្រី ។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូបម្រើការ ១.៩៤៥នាក់មានសិស្ស-និស្សិតកំពុងសិក្សា ៣៣.៦២៩នាក់ និងមាន ២០ទីតាំង ក្នុងនោះ ១៦ទីតាំងកំពុងដំណើរការ ០៣ទីតាំងកំពុងសាងសង់ និង០១ទីតាំងជាសាកលវិទ្យាល័យ។ លោកបានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ០៣ធំៗដូចជា៖ I. ប៊ែលធីសំណង់ II. ប៊ែលធីទេសចរណ៍ និង III. ប៊ែលធីអប់រំ ហើយក្នុងឆ្នាំ២០១៦នេះ ប៊ែលធី សម្រេចបាននូវសមិទ្ធផលដូចជា៖
I. ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី១៦ និងកំពុងសាងសង់អគារប៊ែលធីទី១៧ ទី១៨ និងទី១៩។
II. ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍ ៨.៨៣៥នាក់ ក្នុងនោះ ក្នុងប្រទេស ៨.៣៦១នាក់ និងក្រៅប្រទេស ៤៧៤នាក់ ព្រមទាំងមានរថយន្តទំនើបៗ ០៨គ្រឿងសម្រាប់ដឹកភ្ញៀវផងដែរ។
III.សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ១៩.៦០៩នាក់ ក្នុងនោះបានចែកចេញជា៖
– សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ៧.១៦៩នាក់ ជាប់៦.៣៩៩នាក់ ស្មើ ៨៩,២៥%
– សិស្សភាសាអង់គ្លេសកម្រិតទី១២ (Level 12)ចំនួន៤.៧៨៣នាក់
– សិស្សវគ្គខ្លីកុំព្យូទ័រ ចំនួន៧.១៧០នាក់
– សិស្សប្រឡងតេស្តអន្តរជាតិ ចំនួន៤៩៩នាក់
• និទ្ទេស A មាន ២៦នាក់ ក្នុងនោះ ឆ្នាំ២០១៤-២០១៥ បានជាប់លេខ២ទូទាំងប្រទេស និងឆ្នាំ២០១៥-២០១៦ បានជាប់លេខ១ ទូទាំងប្រទេស
• សិស្សពូកែថ្នាក់ទី៩ និងទិ១២ មាន ២៨នាក់ ក្នុងនោះ ទូទាំងប្រទេស ០៩នាក់និងទូទាំងរាជធានី ១៩នាក់
IV.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា ១.២៦៦នាក់ក្នុងនោះ ថ្នាក់គរុកោសល្យ ២៣៣នាក់ ថ្នាក់បរិញ្ញាបត្រ ៩៧៤នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥៩នាក់។
V.ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន ៤៦៧នាក់ ក្នុងនោះ សិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ៦២នាក់សិស្ស-និស្សិតបង់ថ្លៃ ០៦នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា៣៩៩នាក់។
ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៧
ឆ្នាំ២០១៧នេះ ប៊ែលធីគ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖
១-ពង្រឹងរចនាសម្ព័ន្ធគ្រប់ផ្នែក ដែលមានស្រាប់ឲ្យកាន់តែប្រសើរបន្ថែមទៀត
២-ពង្រឹងកម្មវិធីសិក្សាបន្ថែម ទាំងផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស
៣-បន្តសាងសង់អគារសិក្សាប៊ែលធី ស្របតាមតម្រូវការរបស់សិស្ស
៤-ផ្តល់ជូនប័ណ្ណធានារ៉ាប់រងជូនដល់បុគ្គលិកប៊ែលធីទាំងអស់
៥-ពង្រឹងសេវាកម្មបញ្ជូនសិស្ស-និស្សិតទៅសិក្សានៅឯក្រៅប្រទេសឲ្យបានកាន់តែច្រើន
៦-បើកវគ្គហ្វឹកហាត់ជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
៧-យុទ្ធនាការ Class Activities (ពង្រឹងទាំងការរៀន និងការបង្រៀន)
៨-ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារតាមផ្នែកនីមួយៗ
ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនៈក្រៃលែង។
ជាទីបញ្ចប់ លោកប្រធានគណៈអធិបតី និងលោកស្រី បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប និងប្រគល់ ពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ៥៣នាក់ នាពេលនោះផងដែរ ៕ ស រស្មី