ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ នៅក្នុងបរិវេណសាលសន្និសីទចតុមុខ មានរៀបចំពិធីសំណះសំណាល ទទួលទានអាហារ និងប្រគល់អំណោយជូនដល់ ជនពីការភ្នែកប្រមាណ៥០០នាក់។វត្តមានចូលរួមក្នុងកម្មវិធីនេះ មានមន្ត្រីព្រះបរមរាជវាំង មន្ត្រីកាកបាទក្រហមកម្ពុជា មន្ត្រីក្រសួងកិច្ចការនារី និងសិល្បករ សិល្បការិនីជាច្រើនរូបចូលរួម ។
ការរៀបចំពិធីនេះឡើងក្រោមគំនិតផ្តួចផ្តើមដោយមជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មវត្តភ្នំ សហការជាមួយសមាគមតន្ត្រីសំនៀងជនពិការក្រុមតារាបង្ហាញម៉ូតកម្ពុជានិងសប្បុរសជនក្នុងគោលបំណងបង្ហាញពីកម្លាំងសាមគ្គីភាព ដែលបានផ្តល់ឱកាសដល់ជនគ្រប់រូបរួមគ្នាបរិច្ចាគធនធានជួយដល់ជនពិការដែលនេះ ជាសកម្មភាពវប្បធម៌នៃការចែករំលែកមិនចេះសាបសូន្យ ។ សិល្បករក៏បានចូលរួមចែកនូវអំណោយជាអាហារភេសជ្ជៈមួយចំនួនដែលចេញពីសណ្តានចិត្តពួកគេជូនដល់ជនពិការទាំងអស់ បន្ថែមពីលើកថវិកា ភេសជ្ជៈ អាហារដែលរៀបចំដោយលោកស្រីញ៉ែម មរកត អនុរដ្ឋលេខធិការក្រសួងកិច្ចការនារី ។
កម្មវិធីខាងលើ ក៏មានការចូលរួមពីសំណាក់មន្ត្រីការបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជានិងសហការីចូលរួមផ្តល់អាហារជូនជនពិការមកពី៧អង្គការ និងសមាគមដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំសកលនៅសាលសន្និសិទ្ធចតុមុខ។ លោកស្រីក៏បានពាំនាំមកនូវការផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបាននាំយកអំណោយជាថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនូវផ្តល់ថវិកាដល់ជនពិការទាំង៥០០នាក់ ដែលម្នាក់ៗទទួលបានប្រាក់២ម៉ឺនរៀល។
ជាមួយគ្នានេះដែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់សព្វព្រះរាជហឫទ័យ ព្រះរាជទានរាជទ្រព្យចំនួន៥០០ដុល្លារជូនដល់កម្មវិធីជួបជុំសប្បុរសជនជាមួយជនពិការ ផ្តល់អាហារបាយទឹក ក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះផងដែរ ៕ វឌ្ឍនា