ខេត្តកោះកុង៖ ប្រជាពលរដ្ឋក្នុងខេត្ត កោះកុងបានរិះគន់អាជ្ញាធរ និងមន្ត្រីជំនាញ ថា បានបើកដៃឲ្យក្រុមឈ្មួញជីកកកាយដីភ្នំ របស់រដ្ឋ នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ប្រជាពលរដ្ឋបានលើកឡើងថា ករណីកាយភ្នំរបស់រដ្ឋនេះពីមុនបានធ្វើឡើងម្តង រួចមកហើយ តែនៅពេលក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោដឹកនាំដោយលោក ហ៊ុន ម៉ាណែត ចុះមកទឹកដីខេត្តកោះកុង គ្រឿងចក្រទាំងនោះបានផ្អាកសកម្មភាព ។ លុះ មកដល់ពេលថ្មីៗនេះស្រាប់តែគេឃើញ គ្រឿងចក្រកាយដីដែលមានម្ចាស់ឈ្មោះ ផុនជាមន្ត្រី មួយរូបក្នុងខេត្តកោះកុងបានមកវាយទន្ទានព្រៃ និងកាយដីជាថ្មីម្តងទៀត ។
ប្រជាពលរដ្ឋបន្តទៀតថា ប្រសិនបើថ្នាក់លើមិនព្រមអនុវត្តន៏និតិវិធីទៅលើមន្ត្រីមួយចំនួនដែលអនុវត្តន៏ផ្ទុយនឹងផ្លូវច្បាប់ទេ ដីភ្នំដែលជាសម្បត្តិរដ្ឋនឹងត្រូវបាត់បង ហើយពលរដ្ឋក៏លែងមានជំនឿចិត្តទៀតដែរ ។
ជុំវិញបញ្ហានេះអ្នកយកព័ត៌មាននគរវត្តពុំអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ធូ វិបុល អភិបាលក្រុងខេមរភូមិន្ទបានទេ ដោយទូរស័ព្ទលោកជាប់រវល់ ។ ចំណែក លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងក៏មិនទាន់ទំនាក់ទំនងសុំការបំភ្លឺបានដូចគ្នា ព្រោះលោកបានឆ្លើយតាមទូរស័ព្ទថាលោកកំពុងជាប់រវល់ ។
ដោយឡែកលោក ប៉ិច ស៊ីយ៉ុន ប្រធាន មន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានថ្លែង ឲ្យដឹងតាមទូរស័ព្ទថា ករណីកាយដីភ្នំ ខាងលើគឺជារបស់លោក ផុន ដែលមាន អាជ្ញាប័ណ្ណត្រឹមត្រូវ ៕ សហការី