ខេត្តឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ រួមមានកម្លាំងនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត , កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងកម្លាំងរដ្ឋបាលព្រៃឈើស្រុកនៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦បានបើកប្រតិបត្តិការបង្ក្រាបទីតាំងស្ដុកឈើមួយកន្លែងដក ហូតបានឈើគ្រញូងជិត១០០ដុំ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នង ការនគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា ករណីបង្ក្រាបឈើនេះនៅក្រោយពី សមត្ថកិច្ចបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយលោកបានដឹកនាំកម្លាំងជំនាញ ផ្ទាល់ចុះបង្ក្រាបជាក់ស្ដែង នៅចំណុចភូមិ ទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ហើយរកឃើញនិង ដកហូតបានឈើគ្រញូង ចំនួន៩០ដុំ ស្មើនឹង៤៦០គីឡូក្រាម ។
ក្រោយប្រតិបត្តិការឈើគ្រញូងទាំង អស់នេះ ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាលយ័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដើម្បីធ្វើកំណត់ហេតុប្រគល់ ទៅរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យដើម្បីស្រាវជ្រាវរកម្ចាស់ចាត់ការតាមនីតិវិធី ៕ ប៉ែន នួន