ភ្នំពេញ៖ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈដល់ផ្លូវកែងបានបត់ឆ្វេងទាំងមិនបន្ថយល្បឿននិងមិបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយរថយន្តតាក់សុីម៉ែត្រមហាកំផែងចំពីចហៀងផ្នែកខាងមុខ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង យ៉ាងដំណំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កឡើងនៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១៤៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រថយន្តតាក់សុីម៉ែត្រ របស់ក្រុមហ៊ុនមហាកំផែង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Y.7024 បានបើកតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ស្ក មួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ2Y.9363 បានបើកតាមបណ្ដោយផ្លូវ១៤៤ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះមកដល់ផ្លូវកែងបានបត់ឆ្វេងទាំងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកជាមួយរថយន្តតាក់សុីម៉ែត្រមហាកំផែង ដែលបើកខ្វែងគ្នាចំពីចហៀងផ្នែកខាងមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានឈប់រថយន្ត ហើយសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តកូរ៉ូឡាព្រមទទួលកំហុស និងព្រមសងថ្លៃជួសជុលទៅម្ចាស់រថយន្តតាក់សុីម៉ែត្រចំនួន៦០០$ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុផងដែរ៕ ព្រែកជ័យ