ព័ត៌មានទាន់ហេតុការណ៍៖

ប្រើហិង្សាទៅលើស្ត្រីជាប្រពន្ធរហូតធ្វើឲ្យកូនស្រីអត់ទ្រាំមិនបានទូរស័ព្ទប្តឹងសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងតែងតែរករឿងឈ្លោះប្រកែក និងវាយធាត់ធាក់ទៅលើស្ត្រីជាប្រពន្ធជាញិកញាប់ រហូតធ្វើឲ្យកូនស្រីអាយុ១៤ឆ្នាំអត់ទ្រាំលែងបានក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យជាឪពុកចាត់ការតាមច្បាប់ ។

ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ សុខ ភឹម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ឃឹម គង់ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ។ ជនសង្ស័យ និងស្ត្រីរងគ្រោះរស់នៅភូមិវិហារសួគ៌ជើង ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។

ប្រភពដដែលបានបន្តថា ជនសង្ស័យជាមនុស្សញៀនស្រាតែងតែផឹកស្រវឹងជាប្រចាំ ពេលស្រវឹងស្រាម្តងៗជនសង្ស័យតែងតែរករឿងឈ្លោះប្រកែក និងវាយដំច្រំធាក់ទៅលើស្ត្រីជាប្រពន្ធ ព្រមទាំងវាយបំផ្លិចបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងផ្ទះទៀតផង ។ ដោយគិតថាជាប្តីប្រពន្ធម្យ៉ាងទៀតមានកូណនៅក្នុងបន្ទុកផងនោះ ស្ត្រីជាប្រពន្ធចេះតែខំទ្រាំមិនហ៊ានប្តឹងសមត្ថកិច្ចឬធ្វើការប្តឹងផ្តល់លែងលះគ្នានោះទេ ។ លុះមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យមានសភាពស្រវឹងស្រាបានឡើងទៅលើផ្ទះរករឿងឈ្លោះប្រកែក និងវាយទាត់ធាក់ទៅលើស្ត្រី ជាប្រពន្ធជាថ្មីទៀត ទើបធ្វើឲ្យកូនស្រីអត់ទ្រាំមិនបានក៏លួចតេទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ឲ្យជួយអន្តរាគមន៍ចាប់ខ្លួន បុរសជាឪពុកដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

se-1 se-2 se-3


ចែករំលែក៖