ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ កម្ពុជា, ម៉ាឡេសុី នៅតែជាដៃគូដ៏ល្អ ក្នុងការកសាង ពង្រឹងសមត្ថភាពនៅ សហគមន៍ ជនបទ ។ សកម្មភាពមនុស្សធម៏ ម៉ាឡេសុី បានចូលរួលកាត់បន្ថយភាពក្រីក្រ ក៏ដូចជាពង្រឹង និងលើកកំពស់ស្ថានភាពរស់នៅរបស់សហគមន៍ឥស្លាមនៅកម្ពុជា ជាពិសេសអំណោយ មនុស្សធម៏ ជាច្រើន របស់ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី បានធ្វើជា ដៃគូរម្ចាស់ជំនួយដ៏ធំ ផ្តល់ជំនួយមកកាន់កម្ពុជា ។
លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី បាន បញ្ជាក់បែបនេះ នៅក្នុងពិធី ពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ និងអង្គការ-សមាគមឥស្លាមនៅកម្ពុជា នៅរាត្រីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វ៉េ រៀបចំដោយអគ្គនាយកដ្ឋានឥស្លាមម៉ាឡេស៊ី សហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
លោក TuanHaji Paimuzi Yahya អនុប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមរបស់ទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី ក៍បានស្នើរឲ្យ អង្គការសមាគមនៅកម្ពុជា ដែលទទួលជំនួយពីម៉ាឡេស៊ី ត្រូវធ្វើការជាមួយស្ថានទូតរបស់ខ្លួននៅកម្ពុជាអោយបានល្អប្រសើរ ដើម្បីចៀសវាងពីបញ្ហាដែលលេចលឺក្នុងសារពត័មានម៉ាឡេស៊ីថ្មីៗនេះ បានចេញផ្សាយពីភាពមិនប្រក្រដីរបស់អង្គការមួយចំនួនតូចនៅកម្ពុជា បានទទួលជំនួយពីភាគីដៃគូម៉ាឡេស៊ី តែមិនបានយកជំនួយនោះមកប្រើប្រាស់ដើម្បីប្រយោជន៍សហគមន៍ទេ បែរជាយកមកប្រើក្នុងប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង។
លោក TuanHaji Paimuzi Yahya ក៏បានលើកឡើងផងដែរថា ពិធីជួបជំុអាហារសាមគ្គីនៃចុងឆ្នាំនេះ គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាង រដ្ឋាភិបាល ស្ថាប័ន អង្គការសមាគម នៃប្រទេសទេសទាំងពីរអោយកាន់តែស្និទ្ឋស្នាលថែមទៀត ហើយក៏ជាការអបអរសាទរសម្រាប់សាមិទ្ឋផល នានាជាច្រើន ដែលភាគីម៉ាឡេស៊ី តែងតែ ផ្តល់ជំនួយគ្រប់បែបយ៉ាងមកកាន់កម្ពុជា តាមរយៈអង្គការ សមាគមក្នុងស្រុក ដើម្បីចូលរួលកាត់បន្ថយភាពក្រីក្រ ក៏ដូចជាពង្រឹង និងលើកកំពស់ស្ថានភាពរស់នៅរបស់សហគមន៍ឥស្លាមនៅកម្ពុជា ជាពិសេសអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឲស្លាមម៉ាឡេស៊ី ជាដៃគូរម្ចាស់ជំនួយដ៏ធំ ដែលបានផ្តល់ជំនួយមកកាន់កម្ពុជា ជាក់ស្តែង កាលពី មួយឆ្នាំកន្លងទៅ រដ្ឋាភិបាលម៉ាឡេស៊ី បានអនុម័តផ្តល់ជាកញ្ចប់ថវិកា១លាន ដុល្លារ ដល់អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី ដើម្បីប្រើប្រាស់ ក្នុងដំណើរការបច្ចេកទេសនៃការអនុវត្តន៍ប្រព័ន្ឋស្តង់ដាហាឡាល និងវិស័យផ្សេងៗទៀត របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ៖ រាជរដ្ឋាភិបាលកម្ពុជា ទើបបានសម្រេចដាក់ឲ្យប្រើ នូវច្បាប់ ស្តីអំពីការគ្រប់គ្រងសមាគមអង្គការក្រៅរដ្ឋាភិបាល ទាំងអង្គការជាតិនិងអន្តរជាតិ នៅកម្ពុជា ដើម្បីត្រួតពិនិត្យទៅលើសកម្មភាពមនុស្សធម៍នានាអោយដំណើរការស្របតាមលក្ខន្តិកៈ និងបង្ការរាល់ការប្រើប្រាស់ជំនួយខុសនិតិវិធី រឺប្រើប្រាស់ជាប្រយោជន៍បុគ្គលជាដើម។
លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី ក៏ដូចជាស្ថាប័ន អង្គការម៉ាឡេស៊ី ដែលជាម្ចាស់ជំនួយលំដាប់ថ្នាក់លេខ១ ដែលបានផ្តល់ជំនួយគ្រប់បែបយ៉ាង មកកាន់សហគមន៍ឥស្លាមនៅកម្ពុជា ៕ សំរិត