ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានកង់រថយន្តធុនធំកិនបែកក្បាលធ្លាយខួរស្លាប់គួរឲ្យរន្ធត់ បន្ទាប់ពីបុរសរូបនេះត្រូវបានរថយន្តបង្កបើកកៀរខណៈកំពុងជិះម៉ូតូបណ្តាលឲ្យដួលបោកទៅលើផ្លូវខ្ទាតចូលក្រោមកង់រថយន្ត កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ១១៥ ត្រង់ចំណុចខាងមុខយានដ្ឋានជួសជុលរថយន្តយីហោ “លី សេងផៃ ” ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3C-0728 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកិនមនុស្សស្លាប់បានរត់គេចខ្លួនបាត់ ។ ជនរងគ្រោះឈ្មោះ ថន ថុន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1I-4972 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវលេខ១១៥ ក្នុងទិសដៅពីលិចទៅកើត(ពីផ្លូវជាតិលេខ២១បេឆ្ពោះទៅផ្លូវជាតិលេខ២) ដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុបានបើកកៀរម៉ូតូជនរងគ្រោះកំពុងជិះស្របទិសគ្នា បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តបង្កកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអណោចអធ័ម ធ្វើឲ្យអ្នកឃើញហេតុការណ៍រន្ធត់ចិត្តគ្រប់ៗគ្នា ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរបានចតរថយន្តចោលក្បែរចិញ្ចើមផ្លូវចំងាយពីកន្លែងកើតហេតុប្រហែល៤០ម៉ែត្រ រួចរត់គេចខ្លួនបាត់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ