ភ្នំពេញ ៖ ស្រ្តីជាអ្នកចងការរាប់លុយម្នាក់ព្រោះតែខឹងកូនបំណុលជំពាក់លុយ មិនព្រមសងចូលទៅរឹបអូសយកហង់ទេរ តែម្ចាស់មកទាន់បានឈ្លោះប្រកែកប្រតាយ ប្រតប់គ្នារហូតខាំដាច់ស្លឹកត្រចៀកមួយ ចំហៀងទៀតបង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែធ្នូ ស្ថិតនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។
ស្ត្រីរងគ្រោះជាអ្នកជំពាក់លុយឈ្មោះ នួន សុគន់ អាយុ៣០ឆ្នាំ មុខរបរលក់ខ្យង នៅផ្លូវមៃដារស់នៅភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីម្ចាស់លុយជាអ្នកបង្កឈ្មោះ សឿ វាន់ស៊ីម អាយុប្រហាក់ប្រហែលគ្នា មុខរបរចងការប្រាក់ ។
តាមសម្ដីស្រ្តីរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់បានខ្ចីលុយពី ឈ្មោះ សឿ វាន់ស៊ីម ចំនួន២០០ដុល្លារ ដោយបង់ទាំងដើមទាំងការវិញរយៈពេល ២៤ថ្ងៃគឺក្នុងមួយថ្ងៃបង់៤ម៉ឺនរៀលបើមិនបានសងក្នុងមួយថ្ងៃត្រូវបង់ផាកពិន័យ ចំនួន៤ពាន់រៀល ហើយត្រូវសងចំនួន៤ ម៉ឺនរៀលនោះទៀត ។
ស្ត្រីរងគ្រោះបានបន្តទៀតថា មុនថ្ងៃ កើតហេតុគាត់មិនបានបង់ប្រាក់តាមការ កំណត់រយៈពេល២ថ្ងៃដោយសារតែរូប គាត់រវល់យកកូនទៅពេទ្យ ហើយឲ្យក្មេង ស្រីម្នាក់ចាំផ្ទះស្រាប់តែម្ចាស់លុយបានមកទារលុយមិនឃើញគាត់នៅផ្ទះឃើញតែ ក្មេងស្រីម្នាក់ក៏បានសួរថា “មីងឯងទៅណា បានជាអត់ឃើញនៅផ្ទះ?”។ ក្មេងស្រីឆ្លើយ ថា មិនដឹងទៅណាទេ២ទៅ៣ថ្ងៃហើយ? ពេលនោះម្ចាស់លុយបានប្រាប់ឲ្យក្មេងស្រីចាក់សោទ្វារផ្ទះ ហើយស្រ្តីបង្កចូលទៅក្នុង ផ្ទះបានអូសយកហង់តេរ (ប៉ៅអុីសម្រាប់ អង្គុយផ្អែកធ្វើពីឈើ) ដើម្បីកាត់លុយថ្លៃ ជំពាក់ក៏ត្រូវក្មេងស្រីនោះបានរត់ទៅប្រាប់ម្តាយមីងដែលជាស្ត្រីរងគ្រោះ ។
ស្ត្រីរងគ្រោះបានបន្តទៀតថា ពេលគាត់ ត្រឡប់មកដល់ផ្ទះវិញឃើញស្រ្តីម្ចាស់លុយយកហង់ទេររបស់គាត់ចេញមកក្រៅផ្ទះ ដោយមិនមានអនុញ្ញាតពីគាត់ធ្វើឲ្យមានការឈ្លោះប្រកែកប្រតាយប្រតប់គ្នាធ្វើឲ្យស្រ្តីបង្កខាំដាច់ស្លឹកត្រចៀកខាងស្តាំរបស់ជនរងគ្រោះដាច់អស់មួយដុំហូរឈាម ។
ក្រោយពេលកើតហេតុជនរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរា គមន៍ និងរកដំណោះស្រាយ។ ប៉ុន្តែការចរចា មិនត្រូវគ្នាដោយសារតែភាគីទាំងសងខាង ទាមទារយកត្រូវរៀងខ្លួនទើបសមត្ថកិច្ចប្រាប់ឲ្យជនរងគ្រោះទៅព្យាបាលរបួស សិនបើកើតទុក្ខមិនសុខចិត្តរង់ចាំព្រឹកចាំទៅដាក់ពាក្យបណ្តឹង។ ចំណែកហង់ទេរ ត្រូវជនរងគ្រោះយកទុកក្នុងផ្ទះវិញ ៕ ហេង នរិន្ទ្រ