ព័ត៌មានទាន់ហេតុការណ៍៖

ហេង ហ្គិច បុកគេរត់រួចហើយសង៥ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ ដែលធ្លាប់ពាក់ព័ន្ធហេតុ ការណ៍បាញ់បោះអនាធិបតេយ្យនៅមុខវត្តសន្សំកុសល កាលពីអំឡុងឆ្នាំ២០០៩នោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ហើយបានព្យាយាម បើករថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-7999 គេច ចេញពីកន្លែងកើតហេតុ។ ជនរងគ្រោះក្នុង ហេតុការណ៍នោះឈ្មោះ មាស សុវុឌ្ឍី ភេទ ប្រុស អាយុ២៧ឆ្នាំ បានរងរបួសធ្ងន់បាក់ ជើងខាងឆ្វេង និងរបួសក្បាលយ៉ាងដំណំត្រូវបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅក្រៅប្រទេស ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង៤៨នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបានអង្គុយ លើម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 1FJ-5711 លើចិញ្ចើម ផ្លូវខាងស្តាំដៃ មុខហាងសមុទ្រកំពតហើយ ត្រូវរថយន្តបង្កហេតុបើកបញ្ច្រាសទិសពីលិចមកកើតសម្តៅមកបុកជនរងគ្រោះ ដែលកំពុងអង្គុយលើម៉ូតូយ៉ាងពេញទំហឹងតែម្តង ។

ក្រោយកើតហេតុម្ចាស់រថយន្តឈ្មោះ ហេង ហ្គិច ហៅកែវ រតនៈ បានព្យាយាម បើកគេចខ្លួនមិនព្រមឈប់ដោះស្រាយ ហើយត្រូវមិត្តភក្តិជនរងគ្រោះបើកម៉ូតូដេញ តាមថតស្លាកលេខរថយន្តបង្កហេតុទុកជាភស្តុតាង។ នៅពេលមិត្តភក្តិជនរងគ្រោះ បើកម៉ូតូដេញតាមពីក្រោយរថយន្តនោះក្នុង ចម្ងាយប្រមាណ៣០ម៉ែត្រ ស្រាប់តែអ្នកបើក រថយន្តដាក់លេខថយក្រោយប៉ុនប៉ងកិន សម្លាប់ទៀតផង ប៉ុន្តែមិត្តភក្តិជនរងគ្រោះឃើញទាន់ទើបគេចផុតពីគ្រោះថ្នាក់ ។

ភ្លាមៗនោះដែរជនរងគ្រោះឈ្មោះ មាស សុវុឌ្ឍី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យរដ្ឋមួយក្នុងរាជធានីភ្នំពេញដោយគ្រូ ពេទ្យបានវះកាត់លលាដ៍ក្បាលយកឈាមកកចេញពីក្នុងក្បាល និងវះកាត់ជើងដែលបាក់ដើម្បីអបជើងឡើងវិញហើយគ្រូពេទ្យបានបញ្ចូលឈាមអស់ជាង១០ប្លោករហូតរយៈពេលជិត២៤ម៉ោងទើបជនរងគ្រោះដឹងខ្លួនតិចៗ។ ការ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋពីថ្ងៃទី៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថាន ភាពជនរងគ្រោះនៅតែពិបាកសង្ឃឹមបើទោះបីគ្រូពេទ្យជួយព្យាបាលនិងប្រើថ្នាំល្អៗយ៉ាងណាក៏ដោយ ពិសេស របួសក្បាលដែលមានឈាមកកក្នុងស្រទាប់ទី២នៃលលាដ៍ក្បាល ។ ចំណែកមួយផ្នែក លលាដ៍ក្បាលដែលគ្រូពេទ្យកាត់យកទៅផ្សាំក្នុងស្បែកពោះទុកសម្រាប់ភ្ជិតក្បាលឡើងវិញនោះបានធ្វើឲ្យឈាមហូរចេញពីពោះឥតឈប់ ហើយរបួសជើងចាប់ផ្តើម មានក្លិនស្អុយ ។

ដោយពិបាកសង្ឃឹមក្នុងការព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋទើបក្រុមគ្រួសារជនរង គ្រោះសម្រេចបញ្ជូនជនរងគ្រោះទៅព្យាបាល នៅក្រៅប្រទេសបើទោះជាត្រូវចំណាយ អស់ច្រើនយ៉ាងណាក៏ដោយដើម្បីឲ្យជន រងគ្រោះរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។

ក្នុងសំណុំរឿងនេះក្រុមគ្រួសារជនរងគ្រោះប្តឹងទារសំណងពីជនបង្ក១១ម៉ឺន ដុល្លារតែជនបង្កព្រមសងតែ៥.០០០ដុល្លារ ប៉ុណ្ណោះ ហើយការដោះស្រាយចំពោះមុខសមត្ថកិច្ចបានធ្វើឡើង២លើកមកហើយ កាលពីថ្ងៃទី១៤ និងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ តែពុំមានលទ្ធផល។ ជនបង្កឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ ហាក់ដូចជាមើល ស្រាលអាយុជីវិតមនុស្សយ៉ាងខ្លាំងដោយ អាងខ្លួនមានរថយន្តឡិចស៊ីស៥៧០ជិះ យ៉ាងហ៊ឺហា។ សំណុំរឿងនេះត្រូវបានបញ្ជូន ដល់តុលាការផងដែរ ហើយឆាប់ៗនេះ សាលាដំបូងនឹងចាត់វិធានការតាមច្បាប់។

ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ការទាមទារសំណងក្នុងរឿងគ្រោះថ្នាក់ចរា ចរណ៍គ្រាន់តែដើម្បីយកមកព្យាបាលជន រងគ្រោះប៉ុណ្ណោះ មិនមែនជាការធ្វើអាជីវកម្ម អ្វីទាំងអស់។ ឥឡូវនេះលលាដ៍ក្បាលដែល គ្រូពេទ្យស្រុកខ្មែរកាត់យកទៅផ្សាំក្នុងស្បែក ពោះត្រូវខូចមិនអាចដាក់វិញបាន ហើយត្រូវដាក់លលាដ៍សិប្បនិមិត្តជំនួសដែលត្រូវ ចំណាយយ៉ាងច្រើន។ ជាងនេះទៅទៀតជើងដែលបាក់ក៏ត្រូវវះកាត់និងព្យាបាលជាថ្មីឡើងវិញដែរ ដូច្នេះការចំណាយត្រូវអស់ កាន់តែច្រើនថែមទៀត។ បញ្ហានេះខាង ជនបង្កគួរមានការទទួលខុសត្រូវតាមស្ថានភាពជាក់ស្តែងមិនគួរឲ្យតម្លៃអាយុជីវិត មនុស្សត្រឹម៥.០០០ដុល្លារនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះក្រុមអ្នកច្បាប់ បានអះអាងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ អាច ប្រឈមនឹងការចោទប្រកាន់២ករណីគឺបទ ព្រហ្មទណ្ឌក្នុងការបើករថយន្តទៅបុកជន រងគ្រោះដែលអង្គុយលើម៉ូតូនៅលើចិញ្ចើមផ្លូវ និងបទប៉ុនប៉ងធ្វើឃាតពេលថយរថយន្ត ប៉ុនប៉ងកិនមិត្តភក្តិជនរងគ្រោះដែលតាម ថតស្លាកលេខរថយន្តក្រោយពេលកើតហេតុ។ ដូច្នេះសូមសមត្ថកិច្ចនិងតុលាការចាត់វិធានការទៅលើជនបង្កឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ តាមច្បាប់ជាធរមាន ព្រោះជននេះក៏ធ្លាប់មានជាប់ពាក់ព័ន្ធនឹង បទល្មើសនាពេលកន្លងមកផងដែរ ។

ក្នុងសំណុំរឿងនេះដែរសមត្ថកិច្ចគួរ យករថយន្តបង្កមករក្សាទុកជាវត្ថុតាងនៅក្នុងតុលាការ ព្រោះម្ចាស់កម្មសិទ្ធិរថយន្តឈ្មោះ ហុង ម៉ុងហេង ហើយឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ ជាអ្នកបើកបរបង្ក គ្រោះថ្នាក់ចរាចរណ៍លើជនរងគ្រោះឈ្មោះ មាស សុវុឌ្ឍី និងប៉ុនប៉ងធ្វើឃាតមិត្តភក្តិ ជនរងគ្រោះថែមទៀត។ ដូច្នេះសមត្ថកិច្ច និងតុលាការគួរចាត់វិធានការតាមច្បាប់ទៅ លើជនបង្កឈ្មោះហេង ហ្គេច ហៅកែវ រតនៈ និងដើម្បីផ្តល់សំណងសមស្រប សម្រាប់ព្យាបាលជនរងគ្រោះទៅតាមស្ថានភាពជាក់ស្តែងផងដែរ។ មានតែសមត្ថកិច្ចនិងតុលាការទេដែលអាចរកយុត្តិធម៌ជូន ជនរងគ្រោះបាន ព្រោះជនបង្កឈ្មោះហេង ហ្គិច ធ្លាប់ជាប់ពាក់ព័ន្ធនឹងបទល្មើសជា ច្រើនករណីមកហើយ ៕ ហេង សូរិយា

test


ចែករំលែក៖