ខេត្តសៀមរាប៖ បុគ្គលិកបម្រើការក្នុងក្រុមហ៊ុនអាហារបំប៉នរបស់ថៃ ប្រុស ស្រីចំនួន៣នាក់ ត្រូវបានឃាតកចូលអារកសម្លាប់ក្នុងបន្ទប់ជួល ខណៈជនរងគ្រោះទាំង៣នាក់ កំពុងដេកលង់លក់យ៉ាងស្កប់ស្កល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ករណីនេះបានបណ្តាលឱ្យបុរស២នាក់ស្លាប់ក្នុងថ្លុកឈាម និងស្រ្ដីម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹង ជនរងគ្រោះប្រុស ស្រីទាំង៣នាក់ ដែលត្រូវឃាតកសម្លាប់អារកនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ីបអង្កេតឲ្យច្បាស់លាស់សិន មិនទាន់សន្និដ្ឋានថា គឺជារឿងគំនុំ ឬ ជារឿងសម្លាប់ប្លន់យកទ្រព្យសម្បត្តិនោះទេ ព្រោះទ្រព្យសម្បត្តិមួយចំនួន ព្រមទាំងមានឯកសារ របស់បុគ្គលិកទាំង៣នាក់នោះ ឃើញនៅក្នុងបន្ទប់ជួល។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ទី១ ឈ្មោះ ឃុយ សុឃឹន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតរស់នៅ ភូមិស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្តកំពត (អារកស្លាប់) ទី២/ ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅ ភូមិគោកព្រិច ឃុំសូភី ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ (អារកស្លាប់) និង ទី៣/ឈ្មោះ ឡេង ស្រី ពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅភូមិការ៉េនជោ ឃុំអង្គាញ់ ស្រុកទ្រាំង ខេត្តតាកែវ របួសធ្ងន់ ត្រង់លើផ្ទៃមុខ ។
ជនរងគ្រោះខាងលើ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ូច ធិន ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅ ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
បន្ទាប់មកសមត្ថកិច្ចចម្រុះចូលត្រួតពិនិត្យសាកសពជនរងគ្រោះ និងបាននាំខ្លួនបុគ្គលិករបស់ក្រុមហ៊ុនអាហារបំប៉ន ចំនួន២នាក់ផ្សេងទៀត ដែលនាំគ្នាឈរមើលនៅខាងក្រៅបន្ទប់ជនរងគ្រោះទៅសួរនាំនៅការិយាល័យនគរបាលបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចង់ដឹងពីដំណើរដើមទងខ្លះៗ និងបានចាត់កម្លាំងសមត្ថកិច្ចចម្រុះ យ៉ាងដុតដៃ ដុតជើង ដើម្បីស្រាវជ្រាវ ស្វែងរក ជនដៃដល់ ដែលបានសម្លាប់អារក បុគ្គលិករបស់ក្រុមហ៊ុនអាហារបំប៉ន នោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី