ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កោះ​ហៅ​ស្ត្រី​ម្នាក់​ចូល​បំភ្លឺ​ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ប្អូន​ប្រុស​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​របួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ: មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ធ្វើឲ្យប្អូនប្រុសបង្កើតរបស់លោកដាំ សិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ របួសធ្ងន់ ហើយជនបង្កបានរត់គេចខ្លួន ។ ប៉ុន្ដែរហូតមកទល់ពេលនេះអត្តសញ្ញាណជនបង្កត្រូវបានស្គាល់ ហើយតុលាការក៏បានកោះហៅជនសង្ស័យចូលបំភ្លឺនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះដែរ ។

លោក ដាំ សិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ថា កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ប្អូនប្រុសឈ្មោះ មាស សុវុទ្ធី អាយុ២៧ឆ្នាំ បានឈប់អង្គុយលើម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FJ-5711 លើចិញ្ចើមផ្លូវលេខ៦០៨ ត្រង់ចំណុចមុខហាងសមុទ្រកំពត ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS-570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ AK-7999 បើកបរពីលិចទៅកើត ដោយបើកបញ្រ្ចាសទិសទៅបុកប្អូនប្រុស ដែលឈប់ស្ងៀម បណ្ដាលឲ្យរងរបួសធ្ងន់ ។ ក្រោយហេតុការណ៍នេះ ជនបង្កបានរត់គេចខ្លួន ។

លោក ដាំ សិទ្ធ បន្តថា ជនបង្កឈ្មោះ ហេង ហ្គិច ហៅកែវ រតនៈ ភេទស្រី អាយុ៣៦ឆ្នាំ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា នៅដំណាក់កាលសមត្ថកិច្ច ជនបង្កនិងក្រុមគ្រួសារជនរងគ្រោះ បានជួបចរចារគ្នា ដោយក្រុមជនរងគ្រោះទាមទារសំណងជំងឺចិត្តចំនួន១១ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែភាគីជនបង្ក មានលទ្ធភាពត្រឹម៥០០០ដុល្លារអាមេរិក ។ ដោយសារការចរចារពីរលើកមិនត្រូវរ៉ូវគ្នា សំណុំរឿងនេះ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។

ក្នុងនោះ លោក សៀង សុខ ព្រះរាជអាជ្ញារង បានកោះហៅជនសង្ស័យចូលបំភ្លឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។

ពាក់ព័ន្ធករណីនេះ ក្រុមអ្នកច្បាប់អះអាងថា ជនបង្កអាចប្រឈមនឹងការចោទប្រកាន់ចំនួន២បទល្មើស គឺបទព្រហ្មទណ្ឌ ក្នុងការបើករថយន្តទៅបុកជនរងគ្រោះដែលអង្គុយលើម៉ូតូនៅលើចិញ្ចើមផ្លូវ និងបទប៉ុនប៉ងធ្វើមនុស្សឃាត ពេលថយរថយន្តប៉ុនប៉ងកិនមិត្តភក្តិជនរងគ្រោះដែលតាមថតផ្លាកលេខរថយន្តក្រោយពេលកើតហេតុ។

លោក ដាំ សិទ្ធ ស្នើដល់តុលាការមេត្តាចាត់វិធានការទៅលើជនបង្កឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ តាមច្បាប់ ព្រោះជននេះក៏ធ្លាប់មានជាប់ពាក់ព័ន្ធនឹងបទល្មើសនាពេលកន្លងមកផងដែរ ៕ ចេស្តា

1 2 3 4 5


ចែករំលែក៖