ព័ត៌មានទាន់ហេតុការណ៍៖

សាកសពស្រី-ប្រុស2នាក់ ចងក និងចងឃ្លុំមុខជាប់បង្អួចស្ទើរស្អុយរលួយ ទើបម្ចាស់ផ្ទះដឹង សង្ស័យករណីឃាតកម្ម សមត្ថកិច្ចថាជាអត្តឃាត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សាកសព២នាក់ ក្នុងនោះបុរសម្នាក់ និងស្រ្តីម្នាក់ ជាជនជាតិអង់គ្លេស ត្រូវបានគេប្រទះឃើញស្លាប់ដោយចងក ជាមួយការចងឃ្លុំ បិទមុខ នៅក្នុងបន្ទប់ផ្ទះជួល មួយកន្លែង តាមផ្លូវបេតុងមួយខ្សែចូល ទៅសណ្ឋារគារកោះទន្សាយស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមរូបភាពដ៏អាថ៌កំបាំង។

ក្រុមសមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថា សពទាំងពីរចងកនឹងក្រមាជាប់នឹងចម្រឹងបង្អួច ដោយជនរងគ្រោះត្រូវបានរុំមុខជិត និងស្ត្រីចងក្រណាត់បិទមាត់ជិត ដៃទាំងពីរដាក់ទៅក្រោយ ហាក់ត្រូវគេចងយ៉ាងដូច្នេះដែរ។ ចំណែកឯជើងជនរងគ្រោះ មិនផុតពីកម្រាលឥដ្ឋនោះឡើយ។

ករណីនោះ សមត្ថកិច្ចប៉ូលីសប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ២ និង ការិយាល័យបច្ចេកទេសស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលជិត ថតយករូបភាព សាកសព និងសាកសួរអំពីព័ត៌មានលម្អិតផ្សេងៗ ពាក់ព័ន្ធនឹងសាកសពនេះ ទេ។ តែទោះបីយ៉ាងណាក៏ដោយ ចំពោះករណីនេះ ត្រូវបានសមត្ថកិច្ចប៉ូលិសដែលមានឋានៈតូចតាច និងសុំមិនបញ្ចេញឈ្មោះ ក៏ដូចជាប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរកន្លែងកើតហេតុខ្សឹបប្រាប់ក្រៅផ្លូវការ ឲ្យដឹងថា សង្ស័យជាករណីមនុស្សឃាត ហើយសភាពនៃការស្លាប់ ក៏មានលក្ខណៈខុសពីមនុស្សចងកសម្លាប់ដោយខ្លួនឯងដែរ។

ព័ត៌មានដែលទទួលបាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា សាកសព ទី1-ឈ្មោះ GOLDIE IMOGEN SASKIA ភេទ ស្រី អាយុ 28 ឆ្នាំ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ 460844728 សាកសព ទី2- ឈ្មោះ WELLS JEFFREY ROBERT ភេទ ប្រុស អាយុ 36 ឆ្នាំ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ 463487360 ។

បើតាមការបញ្ជាក់របស់ម្ចាស់ផ្ទះជួល ឈ្មោះ អ៊ុត ហ្គូអេសំអៀន បានអោយដឹងថា ជនរងគ្រោះទាំងពីរ នឹងចាកចេញនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ តែពុំបានឃើញយកលុយមកបង់ មិត្តភក្តិជនរងគ្រោះ ដោយសារទូរស័ព្ទមិនចូល ក៏បានមកដល់បន្ទប់ ហើយឃើញជនរងគ្រោះទាំង២នាក់ បានស្លាប់ដោយសារចងកបាត់ទៅហើយ។

ជុំវិញការស្លាប់របស់ជនបរទេសទាំង២ នាក់ខាងលើនេះ ត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម ដោយសារសពហើម ស្អុយរលួយទៅហើយ ព្រោះនៅលើខ្លួនសាកសពមានចងឃ្លុំមុខ និង ចងមាត់ ឯ ជើងឈរនៅលើការ៉ូបន្ទប់ ហាក់មានការរៀបចំ ដោយជនសង្ស័យ ជាអ្នកទី៣។

ប៉ុន្តែបើទោះបីជាមានការសន្និដ្ឋានផ្សេងៗគ្នាយ៉ាងណាក្តី ក៏លោក ឧត្តម សេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអះអាងថា បើយោងតាមការពិនិត្យលើខ្លួនសាកសព និង ទីតាំងកើតហេតុ ចាប់តាំងពីទទួលព័ត៌មាន រហូតដល់ម៉ោងជាង១០ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ជំហានដំបូង៩០ភាគរយ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជាករណីអត្តឃាត តែសមត្ថិកិច្ចនៅតែស្រាវជ្រាវស៊ើបអង្កេតដដែលជុំវិញបញ្ហានេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យដើម្បីរង់ចាំស្ថានទូតទទួលសាកសពយកទៅធ្វើបុណ្យ ។

សូមបញ្ជាក់ផងដែរថា ជុំវិញករណីនេះ ចំពោះអ្នកសារព័ត៌មានពុំត្រូវបានម្ចាស់ផ្ទះជួលខាងលើ និង សមត្ថកិច្ចពាក់ព័ន្ឋមួយចំនួន មិនអនុញ្ញាតអោយចូលថតយករូបភាពនោះទេ ដោយ ម្ចាស់ផ្ទះ និងសមត្ថកិច្ចពាក់ព័ន្ឋសហការគ្នាបិទទ្វាររបង មិនឲ្យចូលសូម្បីតែឈរមុខបន្ទប់សាកសព ក៏មិនអនុញ្ញាតឲ្យឈរក្បែរដែរ ដែលសកម្មភាព ទាំងនេះ កំពុងសបញ្ជាក់ថា ម្ចាស់ផ្ទះនិង សមត្ថកិច្ចពាក់ព័ន្ឋកំពុងរំលោភលើសិទ្ធិសារព័ត៌មាន ក្នុងការប្រមូលយកព័ត៌មានយ៉ាងពិតប្រាកដ ដោយមិនមានការលាក់បាំង ដើម្បីមកផ្សព្វផ្សាយជូនដល់សាធារណជនបានដឹង ៕ ឆ្លាម សមុទ្រ

img_5062 img_5063


ចែករំលែក៖