ខេត្តកំពង់ឆ្នាំង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៨កេះ ត្រូវប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដីចំការមួយកន្លែង ក្នុងពេលដែប្រជាពលរដ្ឋចូលរើសគល់ឈើ ។ ករណីខាងលើនេះ បានកើតឡើងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបាវិត ឋិតក្នុងភូមិដំណាក់អំពិល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋចំនួន១៧ នាក់បានទៅស៊ីឈ្នួលរើសគល់ឈើនៅក្នុងចំការរបស់ម្ចាស់ចំការឈ្មោះ អ៊ិន អាត ក្នុងពេលដែលដើរ រើសគល់ឈើនោះ ក៏បានប្រទះឃើញគ្រាប់ដែលមិនទាន់ផ្ទុះចំនួន៨កេះ កន្លះ ក្រោយពីប្រទះឃើញ ប្រជាពលរដ្ឋបានប្រាប់ទៅម្ចាស់ចំការ ហើយម្ចាស់ចំការ ក៏រាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យមើលចំពោះគ្រាប់មិនទាន់ផ្ទុះនេះ ។
ក្រោយពីសមត្ថកិច្ចមកពិនិត្យគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បានបញ្ជាក់ថា គ្រាប់ជាគ្រាប់ចាស់ដែលនៅសល់នៅជំនាន់ពីសង្រ្គាម ក្នុងចំណោមគ្រាប់មិនទាន់ផ្ទុះទាំង៨កេះនោះ មានចំនួន៦កេះ និងកេះតួចចំនួន២កេះ ។
គ្រាប់មិនទាន់ផ្ទះដែលប្រជាពលរដ្ឋបានប្រទះឃើញនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជាប្រភេទគ្រាប់ អឹម ១៦ (M16) ហើយនៅមាន គុណភាពផ្ទុះបាន និងបានរាយការណ៍មកមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ ដើម្បីយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមករក្សាទុកនៅកន្លែងមានសុវត្ថិភាព ៕ ចន្ថា