ភ្នំពេញ: បុរសជិះម៉ូតូជែងរថយន្តមិនផុត ប៉ះកង់រថយន្តបណ្តាលឲ្យដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1 CW 3869 បើកបរដោយបុរសម្នាក់យ៉ាងលឿន ទិសដៅពីកើតទៅលិច ដោយបំណងជែងរថយន្តម៉ាករ៉េវហ្វរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M 7494 លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តខាងលើស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវ ចំណែកម៉ូតូជែងមិនផុត ក៏ជ្រុលទៅប៉ះកង់មុខផ្នែកខាងឆ្វេងរថយន្តដួលបណ្តាលឲ្យសន្លប់ស្តូកនៅកន្លែងកើតហេតុតែម្តង ។
ក្រោយពីសន្លប់ ជនរងគ្រោះបានដឹងខ្លួនវិញ ហើយភាគីខាងម្ចាស់រថយន្តក៏បានដឹកជនរងគ្រោះទៅផ្ទះរបស់ជនរងគ្រោះ ចំណែកម៉ូតូត្រូវបានបងប្អូនមកទទួលយកទៅវិញ ៕ សុខាសែនជ័យ