ខេត្តឧត្តរមានជ័យ ៖ មនុស្ស៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនដោយ ជាប់ពាក់ព័ន្ធនេសាទឆក់ត្រីដោយខុសច្បាប់កាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ។ ហេតុការណ៍ នេះបានកើតឡើងចំណុចរលំត្បាល់ ក្នុង ភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ។
ប្រភពពីអ្នកភូមិបានឱ្យដឹងថា នៅក្នុង ស្រុកត្រពាំងប្រាសាទ ក៏ដូចជានៅក្នុងខេត្ត ឧត្តរមានជ័យ ទោះបីមិនមានទន្លេក៏ដោយ មានតែស្ទឹងបឹងបួ គឺសម្បូរទៅដោយត្រីជាច្រើនសម្រាប់ពលរដ្ឋនេសាទយកមកធ្វើ ម្ហូបអាហារ ។ ប៉ុន្តែនាពេលសព្វថ្ងៃមាន ពលរដ្ឋមួយចំនួនខិលខូចបានប្រើប្រាស់ ឧបករណ៍នេសាទដោយខុសច្បាប់ដូច ជាប្រើប្រាស់នូវឧបករណ៍ឆក់ស្បៃមុងបំផ្លិចបំផ្លាញធ្វើឱ្យបាត់បង់នូវហ្វូងមច្ឆជាតិស្ទើរ តែផុតពូជ ។
លោកវរសេនីយ៍ទោអិន កាយអធិកា ស្រុកត្រពាំងប្រាសាទបានឱ្យដឹងថាដោយយោងតាមការផ្តល់ព័ត៌មានមកថា មានក្រុមខិលខូចបានប្រើប្រាស់ឧបករណ៍នេសាទ ឆក់ត្រីនឹងស្បៃមុងដោយខុសនឹងច្បាប់ ។ លោកបានដឹកនាំកម្លាំងចម្រុះចុះធ្វើការ បង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៨នាក់រួមទាំង វត្ថុតាងម៉ាស៊ីនឆក់ត្រីចំនួន ៦គ្រឿង អាគុយ ចំនួន៦គ្រឿង ស្បៃមុងចំនួន១ ការុង ម៉ូតូ ចំនួន៨គ្រឿង ។
លោកបានបន្តថា បន្ទាប់ពីបង្ក្រាបសមត្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋានស្រុកដើម្បី ធ្វើការ សាកសួរចម្លើយធ្វើកំណត់ហេតុ ធ្វើកិច្ចសន្យានិងធ្វើការអប់រុំផាកពិន័យឱ្យរាង ចាលរួចឱ្យទៅផ្ទះវិញ។ ដោយឡែកឧបករណ៍ ឆក់អាគុយ ស្បៃមុង ត្រូវបានដលហូតរក្សាទុកនៅអធិការស្រុក ៕ ប៉ែន នួន