ខេត្តក្រចេះ ៖ មន្ត្រីយោធាកងទ័ពជើង គោកមានឈ្មោះល្បីមួយរូបត្រូវបានគេ និយាយថា កំពុងតែមានសកម្មភាពយ៉ាង សកម្មក្នុងការដឹកជញ្ជូនឈើប្រណីតនិងឈើអារសុក្រំលេខ១តាមរថយន្តធុនធំ និងតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង នាំចេញ ពីខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ ឆ្ពោះយកទៅលក់នៅប្រទេសវៀតណាម ។
ការដឹកជញ្ជូនឈើពីសំណាក់លោក ថន ប៊ុនធី ហៅធីបាញ់ជាមន្ត្រីយោធាកងទព័ជើងគោកតាមរថយន្តជាច្រើនគ្រឿងជារៀងរាល់ថ្ងៃនេះ ត្រូវបានគេនិយាយថា គឺធ្វើឡើងនៅពេលយប់ហើយសង្ស័យថាមានការបើកភ្លើងខៀវពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមួយ ចំនួនទៀតផងដែរ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ របស់លោកថន ប៊ុនធី ហៅធីបាញ់គឺពិតជា កើតមានជារៀងរាល់ថ្ងៃ តាមរថយន្តធុនធំនិងធុនតូច តែកម្រមានការចាប់បង្ក្រាបពី មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចមួយចំនួនទៀតណាស់ ព្រោះ មុននឹងចេញឈើម្តងៗ គឺឈ្មួញម្នាក់នេះ បានរត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាមុនក្នុងខេត្តទាំងអស់ ។
ដោយឡែកឈើដែលលោកថន ប៊ុនធីហៅធីបាញ់កំពុងដឹកជញ្ជូនរាល់ថ្ងៃនេះ ត្រូវបានគេអះអាងថា លោកគ្រាន់តែជាអ្នកស៊ីឈ្មួលរត់ការបើកផ្លូវជាមួយសមត្ថកិច្ចតែប៉ុណ្ណោះ ហើយឈើទាំងនេះគឺជាឈើ របស់ថៅកែល្បីឈ្មោះនៅខេត្តក្រចេះ តែម្ចាស់ឈើមិនចេញមុខរត់ការខ្លួនឯងទេ ដោយខ្លាចប៉ះពាល់ដល់កិត្តិយសទើបពឹងឱ្យគាត់ជួយរត់ការជំនួសទៅវិញ ។ ឈើទាំងនោះភាគច្រើនជា ប្រភេទឈើអារលេខ១សុក្រំនិងឈើមួយចំនួនតូចទៀតជាប្រភេទឈើប្រណីតធ្នង់ហើយអ្នកដែលអាចនាំឈើចេញទៅលក់នៅប្រទេសវៀតណាមបាននោះគឺមានតែលោក ថន ប៊ុនធី ហៅលោកធីបាញ់ព្រោះសមត្ថកិច្ចនៅតំបន់នោះ គឺមានការយោគយល់ច្រើនចំពោះឈ្មួញម្នាក់នេះដោយសារតែរូបគាត់ក៏ជាមន្ត្រីយោធាម្នាក់ដែរ ។
ពាក់ព័ន្ធនឹងការនាំឈើល្មើសច្បាប់ទៅលក់នៅវៀតណាម ដោយមិនមានការចាប់បង្ក្រាបនេះត្រូវបានពលរដ្ឋរស់នៅក្នុងស្រុកស្នួលក្បែរច្រកផ្លូវនាំឈើចេញទៅប្រទេស វៀតណាម មានចម្ងល់ថាពួកគាត់ឃើញមាន វត្តមានសមត្ថកិច្ចឈរជើងស្អេកស្កះនៅតំបន់នេះជាពិសេសកម្លាំងប្រដាប់អាវុធនិងមេព្រៃមានទាំងសមត្ថកិច្ចថ្នាក់ក្រសួងថ្នាក់ជាតិ ចុះមកឈរជើងនៅតំបន់នេះតែឈើនៅតែបន្តចេញទៅវៀតណាមបានដោយ រលូនទៀត ។ ជាងនេះទៅទៀតពលរដ្ឋ និយាយថា សមត្ថកិច្ចទាំងនេះគឺមិនមានឆន្ទៈ ក្នុងការទប់ស្កាត់ការនាំឈើចេញនោះទេ បើមានឆន្ទះទប់ស្កាត់ឬបង្ក្រាបនោះកុំថាឡើយឈើដឹកទាំងឡានៗបែបនេះសម្បីតែឈើ១ដុំក៏ចេញមិនរួចដែរព្រោះកម្លាំងសមត្ថកិច្ចនៅតំបន់នេះមានច្រើនស្ថាប័នណាស់៕ កោះទ្រុង