ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖ ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងជាប់ព្រំដែនកម្ពុជា -ថៃបានចេញប្រតិបត្តិការ បង្រ្កាបគ្រឿងញៀនអនុវត្ត តាមគោលការណ៍ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ទៅលើវិធានការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែ ដើម្បីកាត់ផ្តាច់នូវការផ្គត់ផ្គង់គ្រឿងញៀន ការលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ខុសច្បាប់។ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅខេត្តទាំង២មានរយៈពេល២ថ្ងៃជាប់គ្នាគេមើលឃើញថា កម្លាំងនគរបាលបង្រ្កាបឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ។
ប្រតិបត្តិការនៅខេត្តបន្ទាយមានជ័យបានចាប់ផ្តើមបង្រ្កាបនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតដែលជាតំបន់ស្មុគស្មាញនៃគ្រឿងញៀន ធ្វើឡើងពេញមួយថ្ងៃកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ដោយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន៥នាក់ ក្នុងប្រតិបត្តិការបង្រ្កាប៣ករណីដាច់ដោយឡែកពីគ្នា ឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១៩កូនថង់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ។
ជនសង្ស័យទាំង៥នាក់មានឈ្មោះ ១,សួង រដ្ឋា ភេទប្រុសអាយុ២១ឆ្នាំ ២,ខុម សុខជា ភេទប្រុសអាយុ២១ឆ្នាំ ៣,វ៉ា សុខហាក់ ភេទប្រុសអាយុ២១ឆ្នាំ ៤,ម៉ាន ម៉ារ៉ូសាលី ភេទប្រុសអាយុ១៨ឆ្នាំ និង៥,ញៀន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ ជនសង្ស័យទាំង៥នាក់រស់នៅក្នុងក្រុងប៉ោយប៉ែត។
ដោយឡែកប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅខេត្តបាត់ដំបង ក្រោមការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេតស្នងការនគរបាលខេត្តបាត់ដំបង។នគរបាលខេត្តបាត់ដំបង បានចេញបង្រ្កាបចំនួន២ករណីផ្សេងគ្នា កាលពីថ្ងៃទី២និងទី៣ ខែមករា ឆ្នាំ២០១៧ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ឃាត់ខ្លួននៅស្រុកកំរៀ២នាក់ និងនៅស្រុកមោងប្ញស្សី ឃាត់ខ្លួនជនសង្ស័យ១នាក់ ។ សមត្ថកិច្ចដកហូតបានថ្នាំញៀនមេតំហ្វេតាមីនwy ១១៦គ្រាប់ និងថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន២កូនថង់តូច រួមនិងឧបករណ៍សម្រាប់ប្រើ ប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ១, មុំ ចន្ទូ ភេទស្រី អាយុ៣១ឆ្នាំ ២,ជុំ សុខនី ហៅយាយ៩១ ភេទស្រី អាយុ៥១ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និង៣, ដាំ វ៉ាន់ដេត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ។
ជនសង្ស័យគ្រឿងញៀនខាងលើ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញនៃខេត្តទាំង២នាក់ កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ។
សូមបញ្ជាក់ថា គ្រឿងញៀនបានរីករាលដាលពីទីក្រុងរហតដល់ទីជនបទ ហើយ ត្រូវគេមើលឃើញថា បានបង្កឱ្យប៉ះពាល់សន្តិសសុខសង្គមយ៉ាងធ្ងន់ ជនសេពគ្រឿងញៀនមួយចំនួន បានទៅប្រព្រឹត្ត បទល្មើសដូចជា លួច ឆក់ប្លន់ និងឈានដល់ប្រើអំពើហិង្សាកាចសាហាវ កាប់សម្លាប់ឳពុកម្តាយ ប្រពន្ធកូនខ្លួនឯង ជាដើមនោះ។បញ្ហាគ្រឿងញៀនទាមទារឱ្យសមត្ថកិច្ចគ្រប់ប្រភេទអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋរួមគ្នាទើបការអនុវត្តនៃការប្រយុទ្ធប្រឆាំងទទួលបានជោគជ័យនិងមានប្រសិទ្ធភាព៕សំ វិច្ឆិកា