ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបរថយន្តដឹកឈើ០៣គ្រឿងនៅស្រុកក្រគរប្រគល់ឲ្យមន្រ្តីជំនាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ចុះប្រតិបត្តិការត្រឹមតែរយៈពេល០២ថ្ងៃ បង្រ្កាបរថយន្តដឹកឈើខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើចំនួន ០៣គ្រឿង ប្រគល់ឲ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។

ប្រភពព័ត៌មានពីកំលាំងចុះប្រតិបត្តិខាងលើបានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅចំណុចអំពិលផ្អែម ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ កំលាំងធ្វើការបង្រ្កាបបានរថយន្តធុនធំដឹកឈើចំនួន ០២គ្រឿង ០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A 2950 បើកបរដោយឈ្មោះ យុន ពៅ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិត្រពាំងរុំ ឃុំក្សេមក្សាន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(ដឹកផលអនុផលព្រៃឈើពេញ) និង០១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សទ្រុង ពណ៌ខៀវដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 3D-4379 បើកបរដោយឈ្មោះ មាគ វិត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ(ដឹកផលអនុផលព្រៃឈើពេញ)។

ប្រភពព័ត៌មានខាងលើបន្តថា លុះនៅវេលាម៉ោង២១និង២៥នាទីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចលេខ(៣៣៧៣២.៨៤៣៩៤) ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់។ កម្លាំងបង្រ្កាបរថយន្ត០១គ្រឿងទៀតម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AA 2518 (អ្នកបើកបររត់គេចខ្លួន) ដឹកឈើពេញ។

ប្រភពដដែលបន្តទៀតថា វត្ថុតាងទាំងរថយន្តទាំង០៣គ្រឿងទាំងឈើបានប្រគល់ឲ្យមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធីបច្ចេកទេស ហើយកម្លាំងបានបន្តសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលព្រៃធ្វើបង្រ្កាបបានរថយន្តនិងឈើរាប់រយកំណាត់ទៀត នៅចំណុចតាសៃក្នុងដែនជំរកសត្វព្រៃភ្នាឱរ៉ាល់ខេត្តពោធិ៍សាត់ ប៉ុន្តែពុំទាន់បានព័ត៌មានច្បាស់ការនៅឡើយទេ ខណៈតំបន់នោះមានផលលំបាកខ្លាំងទាំងផ្លូវការធ្វើដំណើរទាំងសេវ៉ាទូរស័ព្ទ។

ប្រភពព័ត៌មានពីមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះថា រថយន្តធុនធំទាំង០២គ្រឿងខាងលើដឹកឈើប្រភេទចំរុះ ដោយ០១គ្រឿងផ្ទុកចំនួន ២៩ស្ទែរ និង០១គ្រឿងទៀតផ្ទុកចំនួន ៣៥ស្ទែរ សរុបទាំង០២គ្រឿងចំនួន ៦៤ស្ទែរ ឈើប្រភេទចំរុះ(អុះ)នេះតំលៃត្រូវពិន័យចំនួន ២០.០០០រៀល គុណនឹង០៣ដងក្នុង០១ស្ទែរ ហើយម្ចាស់មធ្យោបាយ(រថយន្ត)បានចូលខ្លួនទទួលបង់ប៉ាកពិន័យ ដើម្បីយកមធ្យោបាយដឹកជញ្ជូនទៅវិញហើយ ចំណែករថយន្តម៉ាក សាំយ៉ុង ដឹកឈើប្រភេទប្រណិតធ្នង់ចំនួន ៩៩សន្លឹក ស្មើរនឹងចំនួន ១.៧០១ម៉ែត្រគូប៕ ប៉ឹម ពិន

sew-8 sew sew-1 sew-2 sew-3 sew-4 sew-5 sew-6 sew-7


ចែករំលែក៖