ភ្នំពេញ៖ តារាសម្តែង និងពិធីករហេងពីសិដ្ឋបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរោងការជាមួយនឹងកូនស្រីមន្ត្រីគយដ៏ស្រស់សោភាម្នាក់នៅថ្ងៃទី៤ ខែមករា នេះនៅមជ្ឈមណ្ឌលកោះពេជ្រអគារKដែលភ្ញៀវភាគច្រើនជាអ្នកជំនួញ និងមន្ត្រីមានមុខមាត់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ ក្រោយរៀបការតារាសម្តែងរូបនេះនឹងដឹកដៃភរិយាចេញទៅក្រេបទឹកឃ្មុំនៅលើដែនកោះម៉ាល់ឌីវ ( Maldives Islands )ដែលជាទីកន្លែគូស្នេហ៍នៅលើពិភពលោកប្រាថ្នាចង់ទៅ។
កោះម៉ាល់ឌីវ ស្ថិតនៅភាគនិរតីនៃប្រទេសឥណ្ឌា និងស្រីលង្កានៅក្នុងសមុទ្រ Laccadive គឺជាមុខព្រួញរបស់គួរស្នេហាជាច្រើននៅក្នុងពិភពលោកសំរាប់ដំណើរទស្សនកិច្ចក្រេបទឹកឃ្មុំ(Honeymoon)របស់ពួកគេ។អ្នកសិល្បៈខ្មែរមិនច្រើនទេដែលបានចេញដំណើរទៅក្រេបចន្ទទឹកឃ្មុំដែលកន្លងទៅគេបានឃើញតារាសម្តែងគឹម សីហា និងអ្នកនាងគង់ ចាន់ស្រីមុំដែលបានទៅដល់ទីនោះ។
លោកហេង ពិសិដ្ឋបញ្ជាក់ថា ការជ្រើសរើសទីកន្លែងនោះជាកន្លែងក្រេបទឹកឃ្មុំ ព្រោះលោកនិងភរិយាចង់លំហែអារម្មណ៍ និងចង់ទៅទីកន្លែងដែលមានទេសភាពស្រស់ស្អាត ដែលជាចំណងអនុស្សាវរីយមិនអាចបំភ្លេចបាន។ លោកថានឹងចេញដំណើរក្នុងពេលឆាប់ៗនេះ ព្រោះតែមិនចង់អូសបន្លាយពេលច្រើនខណៈដែលលោកមានការងារច្រើនត្រូវបំពេញ។ លោកបន្តដែរថា ក្រោយរៀបការលោកនិងភរិយាសម្រេចចិត្តទទួលយកកំណើតកូនភ្លាមៗ ហើយក៏នឹងសម្រេចចិត្តបើកមុខជំនួញផ្ទាល់ខ្លួនថ្មីសម្រាប់ក៏សាងអនាគតក្រុមគ្រួសារដែរ ហើយលោកនៅតែបន្តការងារសិល្បៈដដែលប្រសិនបើអាឆ្លៀតពេលបាន។
គួរបញ្ជាក់ដែរថា ភរិយារបស់លោកហេងពិសិដ្ឋឈ្មោះណយ ម៉េងចាន់លាភ ដែលមានវ័យ២៣ឆ្នាំ គឺជាកូនស្រីអតីតមន្ត្រីគយនាតំបន់ព្រំដែនម្នាក់។ ការរៀបការនេះ ក្រោយស្វែងយល់ចិត្តគ្នាជាយូមកហើយនិងបន្ទាប់ពីមានការណែនាំពីចាស់ទុំ។ មិនមានអ្នកសិល្បៈច្រើនចូលរួមដូចកម្មវិធីសិល្បៈដទៃទេ ខណៈដែលភ្ញៀវខាងម្តាយក្មេកលោកមានចំនួនច្រើនលើសលប់ ។ តារាសម្តែងវ័យ២៨ឆ្នាំរូបនេះ លើកឡើងដែរថា ការងារជាអ្នកគ្រប់គ្រងទូទៅនៅហាងការ៉េមTOTOគឺលោកនៅតែបន្តធ្វើដដែលហើយសម្រាប់ការងារសិល្បៈក៏លោកមិនបញ្ចប់ដែរហើយក្រោយពេលរៀបការលោកនឹងចូលថតខ្សែភាពយន្តថ្មីមួយផងដែរ៕ វឌ្ឍនា