ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ លោក ទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន លោក វិល លៀម អាដេត អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា និងលោក ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក ប្រជាពលរដ្ឋរស់នៅតំបន់មានសំណល់ជាតិផ្ទុះ និងពិនិត្យពីស្ថានភាពលើការបោសសំអាតសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រឃុំត្រពាំងក្រហម ស្រុកកូនមុំ។
យោងតាមរបាយការណ៍ឲ្យដឹងថា គិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ មានផ្ទៃដីសរុបចំនួន១៥,៦២១.១៩៧ម² នៅក្នុងខេត្តរតនគិរី បានបោសសំអាតរួចរាល់ ក្នុងនោះមានប្រជាពលរដ្ឋចំនួន២៩៥ គ្រួសារបានទទួលផល និងបានកំទេចគ្រាប់បែកចង្កោមជាច្រើនប្រភេទចំនួន ១២,៧៨៥គ្រាប់ អំបែងគ្រាប់ទំលាក់ចំនួន ៣៥៦,៧៦៩ អំបែង ។ គិតចាប់ពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្នមានប្រជាពលរដ្ឋក្រីក្រចំនួន ២៣ នាក់ បានស្លាប់ និងរបួសដោយសារសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមដែលទម្លាក់ដោយសហរដ្ឋអាមេរិក និងមានប្រជាពលរដ្ឋជាច្រើនរាប់ពាន់នាក់បានស្លាប់ចាប់តាំងពីឆ្នាំ១៩៧៩។
លោក វិលលៀម អាដេត បានសន្យាបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការងារបោសសំអាតសំណល់ជាតិផ្ទុះឲ្យអស់ពីកម្ពុជានៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ៕ វុទ្ធឦសាន