ភ្នំពេញ៖ មរណភាពរបស់អ្នកស្រី ប៉ែន សុគន្ធា ហៅស្រីម៉ៅ បន្សល់ទុកកូនប្រុសអាយុ៦ឆ្នាំម្នាក់ ដែលមានកាយសម្បទាមិនរឹងមាំ ពោលគឺមិនអាចដើរបាន និងស្ទើរមិនដឹងអ្វីទាំងអស់ ។ វាជាការលំបាកមួយសម្រាប់ជីវិតក្មេងប្រុសម្នាក់នេះ នៅពេលដែលម្តាយគេស្លាប់ទៅនោះ ។ គ្មានអ្នកណាទទួលខុសត្រូវចំពោះជោគវាសនារបស់ក្មេងប្រុសម្នាក់នេះឡើយ ។
អ្នកស្រី ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ បានស្លាប់ក្រោយប្រតិបត្តិការរបស់កងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បោសសម្អាតស្ត្រីរកស៊ីផ្លូវភេទនៅរមណីយដ្ឋានវត្តភ្នំកាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ។ អ្នកស្រីបានព្យាយាមរត់គេចពីការតាមចាប់របស់កងសន្តិសុខដោយរត់ទៅរកទូកទេសចរណ៍ ដែលចតនៅមាត់ទន្លេសាប មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ សាក្សីខ្លះនិយាយថា នៅពេលដែលនាងសុគន្ធា ហៅស្រី ម៉ៅ លោតចុះទៅក្នុងទឹក ដើម្បីគេចពីការតាមច្បាប់របស់កងសណ្តាប់ធ្នាប់នោះ បណ្តាលឲ្យបោកក្បាលទៅនឹងទូក ហើយរងគ្រោះតែម្តង ។
អ្នកស្រីប៉ែន ម៉េងគី ដែលជាបងស្រីរបស់ស្ត្រីរងគ្រោះនិយាយថា បើទោះជាយ៉ាងណាក៏ដោយ បើឃើញគ្នារងគ្រោះហើយ មិនគួរដេញប្រផាប់ចាប់ប្រភីង បណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់យ៉ាងនេះទេ ។ អ្វីដែលសំខាន់នោះ បើទោះជាបោសសម្អាតរៀបចំសណ្តាប់ធ្នាប់យ៉ាងណាក៏ដោយ នៅពេលដែលឃើញមនុស្សលង់ទឹក ក៏ត្រូវតែសង្គ្រោះសិនដែរ ។ អ្នកស្រីបានបន្ថែមថា «យើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែដេញចាប់មនុស្សធ្លាក់ទឹក ក៏គួរជួយសង្គ្រោះគ្នាសិនដែរ មិនគួរធ្វើដល់ថ្នាក់ស្លាប់នោះទេ» ។
ចំណែកអ្នកស្រី ប៉ែន ម៉ាលីន ដែលជាបងស្រីម្នាក់ទៀតរបស់ស្រីម៉ៅ បាននិយាយថា អ្វីដែលគួរឲ្យអាសូរនោះ គឺក្មេងពិការ ដែលគ្មានអ្នកមើលថែ គឺជាការលំបាកមួយ ។ អ្នកស្រីបានរំឮកថា ក្មួយប្រុសរបស់គាត់ ដែលជាកូនរបស់អ្នកស្រី ប៉ែន សុគន្ធា មានពិការភាពជាយូរណាស់មកហើយ ។ កាលម្តាយនៅរស់ គឺម្តាយជាអ្នករ៉ាប់រងមើលថែកូនដែលមានពិការភាពមិនអាចដើរបាន, មិនអាចនិយាយបាន ។
អ្នកស្រី ប៉ែន សុគន្ធា ធ្លាប់មានប្តីជាជនបរទេស ហើយក៏ធ្លាប់ជាថៅកែហាងផងដែរ ។ នៅពេលដែលស្វាមីចាកចេញទៅប្រទេសដើមវិញ អ្នកស្រីមានប្តីម្នាក់ទៀត ដោយទទួលបានកូនប្រុស ដែលមានអាយុ៦ឆ្នាំសព្វថ្ងៃនេះ ។ កាលពី៣ឆ្នាំមុន ប្តីអ្នកស្រីបានទទួលមរណភាពដោយសារជំងឺ ។ ដូច្នេះ បន្ទុកនៃការថែទាំកូន ដែលពិការនេះធ្លាក់លើអ្នកស្រីទាំងស្រុង ។ ដោយមិនអាចទ្រទ្រង់ជីវភាពរួច ក្នុងនាមជាកម្មកររោងចក្រកាត់ដេរ អ្នកស្រី ប៉ែន សុគន្ធា បានក្លាយខ្លួនជាស្ត្រីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំ ។
មិត្តភក្តិរួមអាជីពរបស់អ្នកស្រី ប៉ែន សុគន្ធា ក្នុងរបររកស៊ីនៅម្តុំៗវត្តភ្នំនោះនិយាយថា អ្នកស្រី ប៉ែន សុគន្ធា ត្រូវចំណាយប្រាក់ក្នុងមួយខែប្រហែល១០០ដុល្លារ ដើម្បីទិញថ្នាំចាក់ឲ្យកូន ជាមួយក្តីរំពឹងថា អាចនឹងមានកាយសម្បទារឹងមាំដូចអ្នកដទៃ ។ នៅឯផ្ទះជួលក្នុងភូមិចំការចេក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ អ្នកស្រីប៉ែន សុគន្ធា បានជួលអ្នកថែទាំឲ្យជួយមើលកូនផងដែរ ។ ការចំណាយសម្រាប់កូនដែលពិការនេះអស់ច្រើនណាស់ក្នុងមួយខែៗ ។
សពអ្នកស្រី ប៉ែន សុគន្ធា ត្រូវបានប្រទះឃើញ១ថ្ងៃក្រោយមកនៅឯស្ពានព្រះមុនីវង្ស ចម្ងាយប្រមាណជិត១០គីឡូម៉ែត្រពីទីតាំងដែលអ្នកស្រីរងគ្រោះ ។
មន្ត្រីសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញទទួលស្គាល់ថា មានប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់នៅបរិវេណវត្តភ្នំនោះមែន ប៉ុន្តែមិនដឹងថា មានស្ត្រីរកស៊ីផ្លូវភេទភ័យខ្លាចរហូតរត់ចូលទឹកទន្លេបណ្តាលឲ្យមានគ្រោះថ្នាក់យ៉ាងនេះឡើយ ៕ ហេង សូរិយា