ខេត្តកំពង់ធំ ៖ អ្នកលក់ដូរកំប៉ិកកំប៉ុកនៅ ភូមិអូរពក(99) ឃុំមានរឹទ្ធ ស្រុកសណ្តាន់ បាននិយាយថា មេពន្ធដារស្រុកសណ្តាន់ខេត្តកំពង់ធំមកប្រមូលពន្ធពីពួកគាត់ក្នុង មួយឆ្នាំៗដោយមិនអាសូរពួកគាត់រកអង្ករច្រកឆ្នាំងសឹងមិនបានទេ ដឹងតែបង្ខំឲ្យបង់ លុយ ហើយលើកហេតុផលថាលុយទាំង នោះយកទៅធ្វើផ្លូវ ។
អ្នកភូមិបន្តថា មេពន្ធដារនោះឈ្មោះ ហ័ង ជាទម្លាប់ពេលមកទារគឺគាត់តែងយក មន្ត្រីនគរបាលចរាចរម្នាក់អមជាមួយ និង មានកាំភ្លើងមួយដើម ។
ជាធម្មតាមេពន្ធដារឲ្យបង់ដូចជាជាងម៉ូតូ មួយកន្លែង២០ម៉ឺនរៀល ផ្ទះលក់កាហ្វេ ៣០ម៉ឺនរៀល , ផ្ទះលក់បន្លែ ១៣ម៉ឺនរៀល , ផ្ទះលក់ចាប់ហួយ១២ម៉ឺនរៀល , ផ្ទះលក់ ដូរឬលក់ស៊ុបតូចតាចដាក់ខារ៉ាអូខេ ក៏យក ១៥ម៉ឺនរៀល ។
អ្នកមិនឲ្យលុយ និងខ្វះលុយឲ្យគឺលោកមេពន្ធដារគំរាមឲ្យតុលាការចេញដីកាចាប់ដាក់គុក ។
សូមអាជ្ញាធរមេត្តាស៊ើបអង្កេតរឿងនេះ ដើម្បីផ្តល់ភាពកក់ក្តៅឲ្យពួកគាត់តាមមូលដ្ឋានផង ។
កាសែតនគរវត្តមិនអាចទាក់ទងលោកប្រធានមន្ទីរពន្ធដារស្រុកសណ្តាន់ដើម្បីសុំការបំភ្លឺបានទេ ៕ ហេង នរិន្ទ្រ