ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋលើកគ្នាតវ៉ាមុខការិយាល័យបុរីមហាសេដ្ឋីក្នុងសង្កាត់ឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជិត៥០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ានៅមុខការិយាល័យបុរីមហាសេដ្ឋី ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់ដឹងថា ម្ចាស់ទីតាំងបុរី បានបោកប្រាស់ពួកគាត់ជាច្រើនដង ក្នុងករណីមិនផ្តល់ប្លង់រឹងឲ្យ ។

ហេតុការណ៍ខាងលើនេះបានផ្ទុះឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅខាងមុខការិយាល័យលក់ផ្ទះល្វែងយីហោ មហាសេដ្ឋី ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងសង់ផ្ទះល្វែង យីហោមហាសេដ្ឋីនេះ នៅក្នុងលិខិតបានកំណត់នូវការផ្តល់ប្លង់រឹង ដែលមានដំណាក់កាល២លើក ហើយពួកគាត់បានបង់លុយគ្រប់ចំនួនរួចរាល់ជាស្រេច តែម្ចាស់បុរីមហាសេដ្ឋី បែរជាមិនផ្តល់ប្លង់កម្មសិទ្ធិឲ្យពួកគាត់ទៅវិញ ។

ពួកគាត់បានបន្តទៀតថា ក្នុងការទិញផ្ទះបុរីខាងលើនេះ ចាប់ពីតម្លៃ១៣ម៉ឺនដុល្លារ រហូតដល់២០ម៉ឺនដុល្លារអាមេរិកតែប្លង់ធំម្ចាស់ទីតាំង បែរជាយកទៅដាក់នៅក្នុងធនាគារទៅវិញ ហើយពេលពួកគាត់សួរនាំរឿងប្លង់កម្មសិទ្ធិ បែរជាម្ចាស់បុរី មានចេតនាគេចវេះមិនទទួលខុសត្រូវ ហើយក្នុងនោះដែរ ពួកគាត់បានប្តឹងដល់អាជ្ញាធរដែនដីតាំងពីថ្នាក់សង្កាត់ រហូតទៅដល់សាលាខណ្ឌ ដើម្បីរកយុត្តិធម៌ក៏ម្ចាស់បុរីយីហោមហាសេដ្ឋីខាងលើនេះ នៅមិនចូលខ្លួនដោះស្រាយជូនពួកគាត់ដដែល ៕ អារុណរះ

img-20170109-wa0066 img-20170109-wa0065 img-20170109-wa0064 img-20170109-wa0063 img-20170109-wa0061


ចែករំលែក៖