ភ្នំពេញ៖ រថយន្តក្រឡុកសុីម៉ង់ត៍របស់ក្រុមហ៊ុន G.C.M បានបើកយ៉ាងលឿនមិនប្រយត្ន័ជ្រុលចង្កូតបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្អៀងជើង សំណាងល្អមិនមានអ្នកគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចមុខធនាគាអេសុីលីដា នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកសុីម៉ង់ត៍ ពណ៌ខៀវលាយសពាក់ស្លាកលេខ ភ្នំពេញ 5A.0285 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលអោយក្រឡាប់ផ្អៀងជើងបែកកញ្ចក់មុខខ្ទេចរងការខូចខាតយ៉ាងដំណំ និងខ្ចាយបេតុងពេញផ្លូវ។
ភ្លាមៗបុគ្គលិកក្រុមហ៊ុនបាននាំគ្នាមកកាយយកបេតុងចេញពីផ្លូវ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើអន្តរាគមន៍ហើយថា មិនខូចខាតដល់សម្បត្តិសារធារណៈ និងបានអោយម្ចាស់ស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ ភារ៉ា ដង្កោ