ព័ត៌មានទាន់ហេតុការណ៍៖

កូនកម្លោះបែកក្បាលដេរ១៥ថ្នេរដោយត្រូវក្រុមភ្ញៀវមកញាំការវាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមជាច្រើននាក់ ដែលបានប្រើហិង្សាវាយគ្នាក្នុងរោងការបណ្ដាលអោយបុរសម្នាក់រងរបួសក្បាលដេរអស់១៥ថ្នេរ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងរោងការនៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះយស់ សុភក្រា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។ ចំណែកជនរងគ្រោះត្រូវជាកូនកំលោះ មានឈ្មោះកុត សូនី អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ដោយត្រូវបានបញ្ជូនមកសង្គ្រោះក្នុងមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត ខណៈត្រូវគ្រូពេទ្យដេរអស់១៥ថ្នេរ។

តាមសាក្សីបានអោយដឹងថា ក្រោយពីទទួលភ្ញៀវហូបអាហារយ៉ាងសប្បាយរីករាយ និងជូនពរជ័យកូនកំលោះ ក្រមុំរួចហើយម្នាក់ៗ ក៏បានឡើងរាំចាក់ក្បាច់ ហុយដីទ្រលម ខណៈកំពុងរាំស្រាប់តែកូនកំលោះមានទំនាស់ជាមួយភ្ញៀវក្មេងស្ទាវជាច្រើននាក់ ក្រោយមក ស្រាប់តែមានហិង្សាកើតឡើង ដោយកូនកំលោះត្រូវព្រនង់ជាច្រើន បណ្ដាលឲ្យបែកក្បាលហូរឈាម ត្រូវបានអ្នកភូមិនាំគ្នាជួយឃាត់ ទើបសមត្ថកិច្ចដែលប្រចាំការមកអន្តារាគមន៍ និងឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមជាច្រើននាក់បញ្ជូនមកសាកសួរបន្ត ។

បន្ទាប់មក ជនរងគ្រោះត្រូវបានដឹកមកកាន់មន្ទីរពេទ្យដើម្បីសងគ្រោះជីវិត ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យដើម្បីឈានទៅរកការឃាត់ខ្លួនក្រុមជនបង្កបន្តទៀត ៕ យឹម សុថាន

se-1 se-2 se-3


ចែករំលែក៖