ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកម្ពុជា-ឡាវតាមព្រំដែនប្រើប្រាស់ បណ្ណព្រំដែនសម្រាប់ជាឯកសារផ្លូវការឆ្លងកាត់ព្រំដែនចាប់ពីពេលនេះ តទៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាកម្ពុជាបានប្រកាសថា រាជរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលឡាវបានឯក ភាពគ្នាដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនប្រើប្រាស់បណ្ណព្រំដែន សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូល ឆ្លងកាត់ព្រំដែនតាមច្រកទ្វារព្រំដែនប្រទេស ទាំង២ចាប់ពីខែមករា ឆ្នាំ២០១៧តទៅ ។

សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍យ៉ាងដូច្នេះថា «ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅរដ្ឋាភិបាលប្រទេសយើងទាំង២ក៏បានឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ប្រើប្រាស់បណ្ណព្រំដែនសម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន តាមច្រកទ្វារព្រំដែនផ្លូវការទៅក្នុងតំបន់ព្រំដែនដែលបានកំណត់ដើម្បីជួយសម្រួល ដល់ទំនាក់ទំនងផ្សារភ្ជាប់គ្នារវាងប្រជាជន នឹងប្រជាជនតាមតំបន់ព្រំដែនប្រទេស ទាំង២ដែលមានប្រពៃណីទៅមករកគ្នាជាយូរលង់មកហើយ»។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀននាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ ជាមួយលោក ថងលូន ស៊ីស៊ូលីត នាយក រដ្ឋមន្រ្តីឡាវកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា «អាស្រ័យហេតុនេះសូមអាជ្ញាធរខេត្ត និង អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តោយព្រំដែនប្រទេស ទាំង២អប់រំផ្សព្វផ្សាយដល់ប្រជា ពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់បណ្ណព្រំដែននេះ» ។

សម្តេចតេជោ ហ៊ុន សែន និងលោក នាយករដ្ឋមន្រ្តីឡាវបានយល់ឃើញដូចគ្នាការបើកដាក់ឲ្យដំណើរការច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀនក៏ដូចជាអគារត្រួតពិនិត្យអ្នកដំណើររបស់កម្ពុជា ជាការជួយជំរុញឲ្យទំនាក់ទំនងប្រទេសទាំង ២ដែលមានរយៈពេល៦០ឆ្នាំមកហើយនោះកាន់តែល្អប្រសើរ ហើយក៏ជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការដឹកជញ្ជូន រវាងប្រទេសទាំង២ឲ្យកាន់តែរីកចម្រើន ថែមទៀត ។

លោកនាយករដ្ឋមន្រ្តីឡាវបានថ្លែងក្នុងពិធីនោះថា ការបើកច្រកទ្វារអន្តរជាតិនេះ ជានិមិត្តរូបលេចធ្លោនៃកិច្ចសហប្រតិបត្តិការជាវិជ្ជមាន និងលទ្ធផលជាផ្លែផ្កានិងជាការផ្សារភ្ជាប់រវាងខេត្តចំប៉ាសាក់នឹងខេត្តស្ទឹងត្រែងទៅដល់ខេត្តនានារបស់កម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ការជួញដូរតាមតំបន់ព្រំដែនជំរុញការងារទេស ចរណ៍របស់ខេត្តចំប៉ាសាក់ និងការវិនិយោគ ផ្សេងៗតាមសក្តានុពលរបស់ខេត្ត ។

លោកនាយករដ្ឋមន្រ្តី ថងលូន ស៊ី ស៊ូលីត បន្តថា ច្រកទ្វារអន្តរជាតិជាលើក ដំបូងរបស់កម្ពុជា-ឡាវនេះនឹងរួមចំណែកយ៉ាងសំខាន់ទៅលើការធ្វើសមាហរណកម្ម នៅតំបន់ និងជំរុញការផ្សារភ្ជាប់ផ្លូវសេដ្ឋ កិច្ចពីខាងកើតខាងលិចដែលជាការរួម ចំណែកអនុវត្តកិច្ចព្រមព្រៀងស្តីពីការជំរុញ និងបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជកម្មនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមក៏ដូចជាការផ្សារភ្ជាប់ អាស៊ាននៅក្នុងតំបន់ផ្សេងៗ ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាបានចាត់ទុកវត្តមានច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-ឡាវនេះបានកើត ចេញពីការរីកចម្រើនឥតឈប់ឈរនូវ ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យរវាងប្រទេសទាំង២ដែលជាប្រទេសមានភូមិ ផងរបងតែមួយ និងមានប្រពៃណីសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះសតាំងពីយូរលង់ ។

សម្តេចតេជោបានថ្លែងបញ្ជាក់ថា អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀលរបស់កម្ពុជា និងអគារទីស្នាក់ ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិណងណុក ខៀនរបស់ឡាវបានតភ្ជាប់ទៅវិញទៅមក រវាងផ្លូវជាតិលេខ៧របស់កម្ពុជាជាមួយផ្លូវជាតិលេខ១៣របស់ឡាវដែលជាច្រករបៀង ដឹកជញ្ជូនផ្លូវគោកដ៏មានសក្តានុពលក្នុងការតភ្ជាប់ប្រទេសកម្ពុជា-ឡាវ ហើយក៏ជា បណ្តាញគមនាគមន៍តភ្ជាប់រវាងប្រទេស កម្ពុជា-ឡាវ-វៀតណាម ព្រមទាំងបណ្តា ប្រទេសក្នុងតំបន់មេគង្គ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ឃើញដូចនាយករដ្ឋមន្រ្តីឡាវផងដែរការបើកច្រកទ្វារអន្តរជាតិក៏ដូចជាការអភិវឌ្ឍប្រព័ន្ធគមនាគមន៍ប្រទេសទាំង២គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ការបង្កើន លំហូរភ្ញៀវទេសចររវាងប្រទេសទាំង២ក៏ ដូចពីប្រទេសទី៣ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត ក៏បានទទូចរួមគ្នាទៅ ដល់អាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅតាម បណ្តាខេត្តជាប់ព្រំដែនក៏ដូចជានៅច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុក ខៀនបន្តសហការគ្នាឲ្យបានកាន់តែល្អ ប្រសើរក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែនដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនិងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ។

សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត ក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនខិតខំរួមគ្នាដោះស្រាយបញ្ហាកើតឡើង តាមព្រំដែនឲ្យបានទាន់ពេលវេលា និង ដោយសន្តិវិធីឈរលើស្មារតីមិត្តភាពជា ប្រពៃណីភាពជាបងប្អូនជាអ្នកភូមិផងរបងតែមួយដ៏ល្អសំដៅរួមគ្នាពង្រឹងពង្រីកទំនាក់ ទំនងសហប្រតិបត្តិការរវាងប្រទេស និង ប្រជាជនទាំង២ឲ្យស្ថិតស្ថេររឹងមាំនិងមានការរីកចម្រើនបន្ថែមទៀត ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជានិង ប្រទេសឡាវមានព្រំដែនជាប់គ្នាប្រមាណ ៥៤០គីឡូម៉ែត្រ ហើយខេត្តចំប៉ាសាក់ និង ខេត្តស្ទឹងត្រែងមានព្រំដែនរួមគ្នាប្រវែង ១៣៥គីឡូម៉ែត្រ។ ខេត្តស្ទឹងត្រែង និង ចំប៉ាសាក់ភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈផ្លូវលេខ១៣របស់ឡាវ និងផ្លូវជាតិលេខ៧ របស់កម្ពុជា។

កម្ពុជា-ឡាវមានទំនាក់ទំនងជាមួយគ្នា ប្រមាណជា៦០ឆ្នាំហើយ ដើម្បីពង្រីក ទំនាក់ទំនងរវាងប្រទេសទាំង២កម្ពុជា-ឡាវ ក៏បានឯកភាពគ្នាអនុញ្ញាតឲ្យប្រជាពលរដ្ឋជាប់ព្រំដែនប្រទេសទាំង២អាចប្រើប្រាស់បណ្ណព្រំដែនឆ្លងចេញចូលប្រទេសទាំង២ជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០១៧នេះ តទៅផងដែរ ៕ ហេង សូរិយា

1 sef seq sewe


ចែករំលែក៖