ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋឃុំព្រៃព្នៅ ស្រុកពារាំងកំពុងកើតទុក្ខមិនសុខចិត្តករណីរណ្តៅដី របស់ឈ្មួញកែវសុវណ្ណ មានជម្រៅ ជ្រៅៗដែលធ្វើឲ្យប៉ះពាល់ដល់ដីស្រែរបស់ ពួកគាត់នៅក្បែរៗនោះ ។ អាជ្ញាធរមាន សមត្ថកិច្ចបានចុះពិនិត្យបានត្រឹមផ្អាកសកម្មភាពតែប៉ុណ្ណោះ ។
លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តព្រៃវែង កាលពីព្រឹក ថ្ងៃទី៩ ខែ មករា ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យរណ្តៅ ដីមួយកន្លែង នៅចំណុចខាងជើងផ្លូវជាតិ លេខ៨ ស្ថិតក្នុងភូមិក្រួស ឃុំព្រៃព្នៅ ស្រុក ពារាំង ខេត្តព្រៃវែង ខណៈដែលម្ចាស់ រណ្តៅដីជាឈ្មួញឈ្មោះ កែវ សុវណ្ណ បាន ដាក់គ្រឿងចក្រជីកយកអាចម៍ដីទាំង បំពានច្បាប់ និងធ្វើឲ្យមានហានិភ័យប៉ះពាល់ដីពលរដ្ឋ ដែលនៅជុំវិញទីនោះ ។
លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត បានបញ្ជាក់ថា ការជីកដី របស់លោក កែវ សុវណ្ណនេះ គឺពិតជាខុស ច្បាប់មែន និងធ្វើឲ្យប៉ះពាល់ដីពលរដ្ឋដែលនៅជុំវិញនោះ ឯជម្រៅខ្លះជ្រៅខ្លះរាក់ ហើយ លោកនឹងរកដំណោះស្រាយជូនពលរដ្ឋ ដែលមានដីជុំវិញចំណុចនោះ ដោយសម្រួលឲ្យភាគីគ្រឿងចក្រចេញសងដីឲ្យពួកគាត់វិញ ឯគ្រឿងចក្រត្រូវផ្អាកឈប់ឲ្យដំណើរ ការជាបណ្ដោះអាសន្នសិន រង់ចាំមាន ដំណោះស្រាយណាមួយដែលសមរម្យ ជូនប្រជាពលរដ្ឋ ។
គួររម្លឹកថា កាលពីពេលថ្មីៗកន្លងទៅ នេះគ្រឿងចក្ររបស់លោក កែវ សុវណ្ណ បានជីកយកអាចម៍ដី ដែលមានជម្រៅជ្រៅ ហើយកាយចូលដីពលរដ្ឋ និងកាយដល់ ភ្លឺស្រែពួកគាត់ ដោយពុំមានដកឃ្លា ឬធ្វើ ជើងទេឲ្យបានត្រឹមត្រូវនោះឡើយ វាជាមូលហេតុដែលបណ្ដាលឲ្យបាក់ដីពេលមេឃភ្លៀង ទោះសល់ពីបាក់ដី បើដាក់ទឹកក៏មិន នៅដែរ ។ ពលរដ្ឋដែលជាម្ចាស់ស្រែធ្លាប់បានហាមឃាត់គ្រឿងចក្រដែរ តែគេមិនស្ដាប់រហូតដល់ល្ងាច ថ្ងៃទី៨ មករា ទើប ប្រជាពលរដ្ឋ ធ្វើការតវ៉ាតែម្តង ។
ដោយឡែកដំណោះស្រាយ ដែលតម្រូវ ឲ្យម្ចាស់គ្រឿងចក្រសងពលរដ្ឋចំនួនប៉ុន្មាននោះ គឺមិនទាន់ដឹងនៅឡើយទេ ព្រោះការ ចុះពិនិត្យនេះ មិនទាន់ឈានដល់ដោះស្រាយ បញ្ចប់រឿងឡើយ គឺរង់ចាំឆ្លងយោបល់ពីលោកអភិបាលខេត្តសិន ៕ ហេង នរិន្ទ្រ