ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តប៉ៃលិនធុំក្លិនមិនសូវស្រួល

ចែករំលែក៖

លោក ទុំ ណូ ប្រធានសាខាគយខេត្តប៉ៃលិន រងការរិះគន់ថាឃុបឃិតជាមួយឈ្មួញនាំចូលទំនិញគេចពន្ធធ្វើឲ្យបាត់បង់ថវិកាជាតិក្នុងមួយខែៗរាប់សិបម៉ឺនដុល្លារ។ ក្រុម ឈ្មួញបានបង្ហើបថា លោក ទុំ ណូ ប្រធានសាខាគយខេត្តប៉ៃលិនមិនបានឃុបឃិតជាមួយឈ្មួញដោយផ្ទាល់ទេ គឺបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនសហការផ្ទាល់ជា មួយឈ្មួញ ហើយរូបគេជាអ្នកសម្រេចចិត្តលើកិច្ចការសំខាន់ៗ។ ដូចនេះបើរឿងណា មួយដែលលោក ទុំ ណូ មិនព្រមគឺមន្រ្តីក្រោមឱវាទមិនហ៊ានប្រឆាំងឡើយ ។

ប្រភពដដែលបានបញ្ជាក់ថា ទំនិញនាំចូលក្នុងពេលសព្វថ្ងៃនេះត្រូវបង់ពន្ធខ្ពស់តែដោយមានការឃុបឃិតគ្នាជាប្រព័ន្ធទើបការបង់ពន្ធធ្វើឡើងដោយបង់ពន្ធត្រឹមតែ៣០ទៅ៤០ភាគរយប៉ុណ្ណោះ និងបង់ត្រឹមតែជាទំនិញចម្រុះ និងគ្រឿងបន្លាស់នាំឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធរាប់សិបម៉ឺនដុល្លារក្នុងមួយខែៗ។ រថយន្តកុងតឺន័រភាគច្រើនបាន ដឹកប្រភេទរថយន្តទំនើបៗកាត់តដែលគេបង់ពន្ធជាគ្រឿងបន្លាស់ និងមួយចំនួនទៀត ជាស្រា ភេសជ្ជៈ ទំនិញចាប់ហួយ ហើយរាល់ទំនិញគេចពន្ធដឹកចូលប្រទេសកម្ពុជាគឺពាក់ព័ន្ធនឹងការបើកភ្លើងខៀវពីលោក ទុំ ណូ ជាប្រធានសាខាគយខេត្តប៉ៃលិនផងដែរ ទើបអ្វីៗអាចដំណើរការដោយរលូនយ៉ាងដូច្នេះនេះជាការបញ្ជាក់របស់ក្រុមឈ្មួញ។

មន្រ្តីគយនៅខេត្តប៉ៃលិនត្រូវគេសង្កេតឃើញថា មានការរិះគន់ពីសាធារណមតិ ច្រើនឆ្នាំមកហើយក្នុងករណីឃុបឃិតប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចហើយបញ្ហាបានកើតឡើងដដែលៗបើទោះជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំមន្រ្តីគយក៏ដោយ ។

ក្រុមឈ្មួញបានបញ្ជាក់ថា មន្រ្តីគយណាក៏ពុករលួយដែរបើពួកគេមិនចេះពុករលួយថ្នាក់លើមិនចាត់ឲ្យកាន់កន្លែងខ្លឹមនោះទេ ព្រោះពួកគេមានផលប្រយោជន៍រួមគ្នា និងបែងចែកផលប្រយោជន៍គ្នា។ ដូច្នេះបើចង់សម្អាតត្រូវចាប់ផ្តើមពីថ្នាក់លើមកវិញ៕

 


ចែករំលែក៖