ខេត្តព្រះសីហនុ៖ រថយន្តដឹកសុីទែនប្រេងក្រុមហ៊ុនសូគីមិចមួយគ្រឿងសង្ស័យបើកលឿនបានបុករថយន្តដឹកបង្គោលភ្លើងពីក្រោយបណ្តាលឲ្យក្បាលរថយន្តដឹកប្រេងរងការកំពិតខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ អ្នកបើករថយន្តដឹកបង្គោលភ្លើង បានចុះរត់គេចខ្លួនបាត់ស្រមោល ក្នុងខណៈពេលដែលអ្នកបើករថយន្តដឹកប្រេងរងរបួសធ្ងន់ ហើយត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។
មិនមានសាក្សីណាបញ្ជាក់ថា បានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយផ្ទាល់ភ្នែកនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង ៤និង៣០នាទិីព្រឹកថ្ងៃទី ១២ ខែមករា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូមែ៉ត្រលេខ ១៣២-១៣៣ ស្ថិតក្នុងភូមិសមេ្តចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
មន្ត្រីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៤០២បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត ម៉ាកឆេងឡុង ឡានដឹកប្រេងសូគីមិុចពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-0470 បើកបរដោយឈ្មោះ ជា កុស ភេទប្រុស មានទីលំនៅរាជធានីភ្នំពេញ មានទិសដៅ ពីភំ្នពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុរថយន្តនេះបានបុកពីក្រោយរថយន្តម៉ាកហីុយ៉ុនដាយពណ៌ ក្រហម (ឡូហ្គោ TR)ពាក់ស្លាកលេខ ភ្នំពេញ3C-0099 ដឹកបង្គោលភ្លើងក្នុងទិសដៅស្របគ្នា។
មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងទៀតថា ចំពោះមុខកម្លាំងស្នាក់ការសន្តិសុខ ៤០២ បានចុះការពារនៅកនែ្លងកើតហេតុ។
ពេលនេះសមត្ថកិច្ចជំនាញកំពុងទាក់ទងហៅរថយន្តមកស្ទួចដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលារង់ចាំដោះស្រាយតាមនិតិវិធីច្បាប់៕ ឆ្លាម សមុទ្រ