ភ្នំពេញ៖ ទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់របស់តារា ហេង ចាន់វិសាល ទទួលបានការកោតសរសើរខ្លាំងពីអ្នកទស្សនាក្នុងតួសម្តែងជាភេទទី៣ក្នុងរឿង”កំណត់ហេតុនាងនាថ”។ តារាចម្រៀង និងតារាសម្តែងរូបនេះនឹងចុះកិច្ចសន្យា សម្តែងខ្សែភាពយន្តថ្មីមួយទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។
អតីតម្ចាស់ជ័យលាភីលេខ១លើការប្រឡងចម្រៀងក្នុងកម្មវិធី«ពេជ្រកំពុងឆ្នៃ» ឆ្នាំ២០១០របស់ទូរទស្សន៍អាស៊ីអាគ្នេហ៍ គឺលោក ហេង វិសាលបានចាប់ផ្តើមប្រឡូកក្នុងអាជីពសម្តែងភាពយន្ត ក្រោយពីផលិតករបានសំឡឹងមើលឃើញពីសមត្ថភាពទេពកោសល្យដ៏ប៉ិនប្រសប់របស់លោកក្នុងការសម្តែងជាតួគ្រប់ទម្រង់។
ក្រៅពីខ្សែភាពយន្តភាគតារាសម្តែងវ័យ២៤ឆ្នាំរូបនេះ បានសម្តែងខ្សែភាពយន្ត២រឿងរួចមកហើយគឺរឿង«កំឡោះ៥១ក្រមុំ៣២» របស់ផលិតកម្ម Rich Kids Media និងរឿងចុងក្រោយដែលលោកទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនាគឺរឿង”កំណត់ហេតុនាងនាថ”។
ហេង ចាន់វិសាលបានបញ្ជាក់ថា ជោគជ័យនៃការសម្តែងខ្សែភាពយន្តចុងក្រោយនេះ លោកពិតជារំភើបនិងមិននឹកស្មានដល់។ លោកថាបើទោះ បីជាចរិកភេទទី៣មិនមែនជាចរិកពិតពីកំណើតរបស់លោកក្តីប៉ុន្តែដោយសារការហ្វឹកហាត់ និងសង្កេតតាមដានពីតារាសម្តែងនានាលោកអាចសម្តែងបាន រហូតមានអ្នកគាំទ្រលោកជាច្រើនពេញចិត្តនឹងការសម្តែងនេះជាខ្លាំង ។
លោកបញ្ជាក់ថា លោកនៅតែបន្តចាប់យកអាជីបចម្រៀងប្រចាំភោជនីយដ្ឋានល្បីឈ្មោះMango Mangoហើយលោក ក៏ត្រៀមចេញបទចម្រៀងថ្មី(Original Song)ផ្ទាល់ខ្លួននៅពេលដ៏ខ្លីខាងមុខនេះ។ លោកបញ្ជាក់ថា ក្រោយបញ្ចប់ការសម្តែងរឿង«កំណត់ហេតុនាងនាថ» លោកក៏គ្រោងនឹងចុះកិច្ចសន្យាបន្តថតខ្សែភាពយន្តថ្មីមួយគឺរឿង«សរសរកន្លោង» របស់ផលិតកម្ម ឥន្ទ្រានិម្មិទ ផងដែរ។
ស្នាដៃភាពយន្តថ្មីនេះនឹងត្រូវចាប់ផ្តើមចេញថតក្នុងពេលដ៏ខ្លីខាងមុន ដែលលោករំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនមិនចាញ់រឿង«កំណត់ហេតុនាងនាថនោះទេ» ហើយលោកក៏ត្រៀមខ្លួនស្វាគមន៍សម្រាប់ការសម្តែងរបស់ផលិតកម្មនានាផងដែរ៕ វឌ្ឍនា