ខេត្តព្រះសីហនុ៖ រថយន្តឡិចសុីសRX300 មួយគ្រឿង បើកលឿនបុកសត្វក្របីដើរឆ្លងផ្លូវបណ្តាលឲ្យក្បាលរថយន្តផ្នែកខាងមុខរងការខូចខាត ។
ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត និងសត្វនេះ មិនបណ្តាលឲ្យមនុស្សជិះក្នុងរថយន្តនេះរងរបួសនោះទេ ពោលគឺមានតែសត្វក្របីមួយក្បាលប៉ុណ្ណោះ បានរងរបួសធ្ងន់ដេកនៅក្បែរកន្លែងកើតហេតុ។
ហេតុការណ៌នេះបានកើតមានឡើងនៅម៉ោង ៥និង៥០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមករា លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១១២ និងលេខ១១៣ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តឡិចសីុសពណ៌ស្ករ ស្លាកលេខភ្នំពេញ ២G៦៧៨៨ បើកដោយឈ្មោះ ថាត ខៃ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ បើកក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកសត្វក្របីតែម្តង។
ភ្លាមៗនោះ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកម្ចាស់សត្វក្របីដើម្បីជួបដោះស្រាយជាមួយម្ចាស់រថយន្ត។
បច្ចុប្បន្ននេះ រថយន្តត្រូវបានម្ចាស់ស្ទូចយកទៅខេត្តព្រះសីហនុដើម្បីជួសជុលឡើងវិញ៕ ឆ្លាម សមុទ្រ