ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បំផុតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត មិនស្គាល់ម៉ាកបើកបុកម៉ូតូជនរងគ្រោះក្នុងទិសដៅបញ្ច្រាសគ្នា ។
ក្រោយបង្កហេតុ រថយន្តបង្កដែលគេសន្និដ្ឋានថា ជាប្រភេទរថយន្តធុនធំនោះ បានបើករត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកសាកសពជនរងគ្រោះ រួមនិងវត្ថុតាងនៅរាយប៉ាយពេញកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅម៉ោងប្រមាណជិត១២យប់ ថ្ងៃទី១៥ ខែមករា នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាបឋមសិក្សាឃ្លាំង ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។
នៅកន្លែងកើតហេតុមិនមានសាក្សីណាបញ្ជាក់ថា បានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយផ្ទាល់ភ្នែកនោះទេ ព្រោះថាម៉ោងពេលកើតហេតុនោះយប់ជ្រៅស្ងាត់ហើយមេឃ ក៏ងងឹតស្លុបទៅហើយនោះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភ្លាមៗគេមិនទាន់ស្គាល់អត្តសញ្ញាណសពបុរសនៅឡើយទេ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សពជនរងគ្រោះមានភិនភាគខ្មៅ ស្រអែមកាត់សក់ខ្លីមានកម្ពស់ប្រហែល១,៧០ម៉ែត្រ ស្លៀកខោខូវប៊យ ពាក់អាវយឺតប៉ារ៉ាទាហ៊ានក្រឡាធំ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលនេះក្រុមសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណរថយន្តបង្កហេតុដើម្បីដោះស្រាយនៅចំពោះមុខច្បាប់ជាមួយក្រុមគ្រួសារជនរងគ្រោះ៕ ឆ្លាម សមុទ្រ