ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងផ្លូវត្រូវរថយន្តបើកបុកខ្ទាតជិត១០ម៉ែត្ររងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ខណៈវិចបង្វិចចេញពីផ្ទះដើរឆ្លងផ្លូវបំណងទៅសម្រាកផ្ទះបងប្អូន លុះដើរមកដល់ពាក់បណ្តាលផ្លូវត្រូវរថយន្តទេសចរណ៍បើកបុកពេញទំហឹង កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នៅមុខបូរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះយួង សារឹម ភេទស្រី អាយុ៥៤ឆ្នាំ មុខរបលក់ចាប់ហួចយ មានប្តីឈ្មោះតឹក ណូ អាយុ៥៦ឆ្នាំ មានកូន៣នាក់(ប្រុសម្នាក់)នៅក្នុងបន្ទក់គ្រួសារ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះដើរពីត្បូងទៅជើង ដោយមានអោបបង្វិចមានទាំងភួយម៉ុងដើរឆ្លងផ្លូវ ខណៈមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តទេសចរណ៍ ពណ៌សឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ3D 6246 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន ហើយបានមកបុកស្ត្រីរងគ្រោះពេញទំហឹងបណ្តាលខ្ទាតជិត១០ម៉ែត្ររងរបួសធ្ងន់ បន្ទាប់មកម្ចាស់រថយន្តបានឈប់រថយន្ត ហើយបើកទ្វាររត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖