ព័ត៌មានទាន់ហេតុការណ៍៖

ចោរចូលភ្ជង់ប្លន់ប្រពន្ធចុងលោកផល សំអឿន យកបានលុយនិងគ្រឿងអលង្ការមួយចំនួនធំ

ចែករំលែក៖

ខេត្តកណ្តាលៈ ភរិយាទី២របស់លោកវរសេនីយ៍ឯក ផល អឿន នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានចោរមួយក្រុមមានគ្នា២នាក់ប្រដាប់ដោយអាវុធ(កាំបិត) ចូលភ្ជង់ប្លន់យកបានលុយ និងគ្រឿងអលង្ការមួយចំនួនធំ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តណ្តាល ។

ស្ត្រីរងគ្រោះឈ្មោះ ស៊ុយ សុខឃឿន ភេទស្រី ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ត្រូវជាភរិយារបស់លោកវរសេនីយ៍ឯក ផល អឿន នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ ចំណែកឯក្រុមចោរមានគ្នា២នាក់មិនស្គាល់អត្តសញ្ញា ម្នាក់មានភិនភាគរាងទាបធាត់ ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវពណ៌ខ្មៅដៃខ្លី ពាក់មុខដូចនិនចារ កាន់កាំបិតចុងស្រួច សម្រាប់ប្រលះសាច់គោ ម្នាក់ទៀតមានរាងស្គមល្អិត សម្លៀកបំពាក់និងពាក់មុខដូចនិនចារ កាន់កាំបិតចុងស្រួច សម្រាប់កាត់ពពុះសណ្តែក(ហ៊ូគី) ។

ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលថា ក្នុងអំពើប្លន់នេះក្រុមចោរបានរើកកាយប្រមូលយក ប្រាក់ដុល្លារចំនួន១២០០ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់រៀលចំនួន៣០០.០០០រៀល ,ចិញ្ជៀនមាសចំនួន០១វង់ស្មើនឹងទម្ងន់០១ជី ,កងដៃ០១វង់តម្លៃ៣២៥ដុល្លារសហរដ្ឋអាមេរិក និងផ្លាកដៃមួយខ្សែតម្លៃ៧៥០.០០០រៀល ។

ភរិយាលោកប្រធានការិយាល័យបុគ្គលិកខេត្តព្រៃវែងបានបញ្ជាក់ថា នៅមុនពេលកើតហេតុវេលាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ រូបគាត់បាននាំកូនៗចូលដេកក្នុងមុងនៅលើផ្ទះ គ្រាដែលស្វាមីជាមន្ត្រីនគរបាលមិននៅរវល់ទៅប្រចាំការនៅអង្គភាព ។ ពេលកំពុងលង់លក់ក្នុងដំណេកស្រាប់តែមានជនសង្ស័យ២នាក់ប្រដាប់ដោយកាំបិតលូនតាមជញ្ជាំងផ្ទះ យកកាំបិតមកមកភ្ជង់ និងរុញក្បាលរូបគាត់ឱនចុះក្រោម ។ ស្ត្រីរងគ្រោះបានបន្តទៀតថា បន្ទាប់មកទៀតបក្ខពួកវាម្នាក់បានរើកកាយប្រមូលយកទ្រព្យសម្បត្តិនៅក្នុងទូរ និងយកកន្សែងចងជើងរុំមាត់រូបគាត់ជាប់ រួចដើរចុះតាមទ្វារផ្ទះគេចខ្លួនបាត់ស្រមោល ។

ក្រោយពីចោរគេចខ្លួនបាត់ទើបស្ត្រីរងគ្រោះរើរួចពីចំណងតេទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាល និងប្រាប់បុរសជាប្តីដែលជាមន្ត្រីនគរបាលខេត្តព្រៃវែង ឲ្យជួយអន្តរាគមន៍ ។ ទោះបីជាបែបណាក្រុមចោរបាននាំគ្នាគេចខ្លួនបាត់មុនពេលសមត្ថកិច្ចនករបាលចុះទៅដល់ ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល កំពុងសហការជាមួយនគរបាលស្រុកខ្សាច់កណ្តាល បន្តស្រាវជ្រាវជុំវិញករណីនេះបន្ថែមទៀត ដើម្បីឈានដល់បង្រ្កាបចាប់ខ្លួនក្រុមចោរទាំងនោះចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

abc (3) abc abc (1) abc (2)


ចែករំលែក៖