ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលបានចេញដីកាលេខ២៣៦ បង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ជាបុគ្គលិកនៅគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តពីបទលួច តាមបញ្ញាតិមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលលោក ស កែវពិសិដ្ឋ បានឲ្យដឹងថា ជនត្រូវចោទដែលត្រូវបានឃុំខ្លួននោះបណ្តោះអាសន្ននោះឈ្មោះ អ៊ូ សារ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកនៅគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតសាខាស្រុកកណ្តាលស្ទឹង មានស្រុកកំណើតនៅភូមិបារាយណ៍កើត ឃុំបារាយណ៍ ស្រុកព្រៃវែង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក ស កែវពិសិដ្ឋ បានបញ្ជាក់ថា ជនសង្ស័យរូបនេះត្រូវបានឈ្មោះ ជា សុភា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាប្រធានគ្រប់គ្រងគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតសាខាស្រុកកណ្តាលស្ទឹង មានទីលំនៅភូមិចុងកោះ ឃុំឧកញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្តឹងចោទប្រកាន់ថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពយកដែកស្រួចគាស់ទូរដែកប្រមូលយកប្រាក់រៀលចំនួន១៤.៧២១.១០០រៀល និងប្រាក់ដុល្លារចំនួន៦.០២៥ដុល្លារសហរដ្ឋអាមេរិក ចេញពីទីតាំងគ្រឹៈស្ថានកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ព្រមទាំងប្រាក់រៀលប្រមូលពីអតិថិជនចំនួន៤.៤៥០.០០០រៀល យកទៅលេងល្បែងនៅកាស៊ីណូណាកាវើល ។
ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានធ្វើការស្រាវជ្រាវ រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យរូបនេះមកធ្វើការនៅគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ស្ថិតនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ។
ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខព្រៃវែង1G-1732 ,ទូរសព្ទ័ម៉ាកSAMSUNG S7edge ចំនួន០១គ្រឿង , ទូរស័ព្ទដៃម៉ាកNOKIA ស៊ីម២ចំនួន០១គ្រឿង ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក និងប័ណ្ណសម្គាល់យានយន្តមួយសន្លឹក ៕ ស្អាងជ័យ