ភ្នំពេញ: រ៉ឺម៉កម៉ូតូមួយគ្រឿង ខណ:ដែលម្ចាស់កំពុងបើកសុខៗ ស្រាប់តែរបូតកង់រ៉ឺម៉កខាងឆ្វេងរេចង្កូចជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា zoomer x មួយគ្រឿងដែលកំពុងបើកបញ្រ្ចាសទិសគ្នាបណ្តាលឲ្យរងរបួសទាំងសងខាង រីឯរ៉ឺម៉កកង់បី និងមូតូរងកាខូចខាតយ៉ាងដំណំ ។
ឧប្បត្តិហេតុខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមផ្លូ៣៥ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កម៉ូតូមួយគ្រឿងពាក់ ស្លាកលេខភ្នំពេញ 1DF-3165 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ធ្វើដំណើរតាមផ្លូវ៣៥ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរបូតកង់រ៉ឺម៉កខាងឆ្វេងរេចង្កូតទៅឆ្វេងក៏ជ្រុលទៅបុកនិងម៉ូតូហុងដា zoomerx ពាក់ស្លាកលេខភ្នំពេញ 1GC-2224 កំពុងតែបើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសគ្នា បណ្តាលឲ្យដួលរងរបួសទាំងសងខាង ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយចាត់ទុកជាសំណាងដែរដែលនៅលើរ៉ឺម៉កម៉ូតូគ្មានមនុស្សជិះ។
សាក្សីបានឲ្យដឹងទៀតថា ក្រោយកើតហេតុនគរបាលមូលដ្ឋានបានទៅដល់ វាស់វែងយករ៉ឺម៉កម៉ូតូដែលរបូតកង់ម្ខាងនិងវៀចកង់មុខព្រមទាំងម៉ូតូហុងដា zoomer x ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ ៕ ប្រាថ្នា