ព័ត៌មានទាន់ហេតុការណ៍៖

ប្រជុំសម្រេចផ្តល់ទីតាំងជូនក្រុមតន្ត្រីជនពិការប្រគំសុំថវិកាតាមផ្លូវ៣កន្លែងក្នុងរាជធានី

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនពិការឲ្យមានជីវភាពធូរធារបានមួយកម្រិតតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនោះ សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី២០ មករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយបងប្អូនជនពិការ ដែលច្រៀងតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយទីតាំង និងរៀបចំឆាកជូនពួកគាត់ឲ្យបានសមរម្យ ។ កិច្ចប្រជុំនេះ បានសម្រេចដូចខាងក្រោម ៖

១-ភាពបញ្ចប់ការច្រៀង តាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ ជំនួសវិញនូវការច្រៀងតាមទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ រៀបចំជូនចំនួន៣ទីតាំង គឺរមណីយដ្ឋានវត្តភ្នំ, សួនអតីតទីលានប្រជាធិបតេយ្យ និងសួនច្បារមុខវត្តបទុមវតី។

២-មន្ទីរសង្គមកិច្ចរាជធានី ត្រូវសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ដើម្បីធ្វើបច្ចុប្បន្នភាពបងប្អូនជនពិការ។

៣-មន្ទីរសង្គមកិច្ច ត្រូវជួបជាមួយបងប្អូនជនពិការទាំងអស់ ស្វែងយល់អំពីសមត្ថភាព ចំណេះ ជំនាញ ដើម្បីមានលទ្ធភាពផ្តល់ការងារជូនពួកគាត់។

៤-រដ្ឋបាលរាជធានីភ្នំពេញ រៀបចំឆាកតន្ត្រីជូននៅតាមទីតាំងទាំងបីខាងលើ ។

បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា បងប្អូនជនពិការច្រៀងតាមទីសាធារណៈបច្ចុប្បន្នមាន ២១ក្រុម ហើយតម្រូវ បែងចែកជាក្រុមប្រគំតន្ត្រីជា៥ក្រុម ដែលមានសមាជិកសរុបចំនួន១៩៤នាក់ ។ ការយកចិត្តទុកដាក់របស់សាលារាជធានីភ្នំពេញចំពោះ បងប្អូនពិការបែបនេះគឺគោលបំណងកែប្រែជីវភាពបងប្អូនពិការបានមួយកម្រិត និងដើម្បីរក្សា សោភណភាពរាជធានីភ្នំពេញ មិនឲ្យមានការប្រគុំតន្ត្រីជនពិការតាមផ្លូវសាធារណបន្តទៀត ដែលជាហេតុធ្វើឲ្យខ្មាសភ្ញៀវទេសចរមកកម្សាន្តនៅរាជធានីភ្នំពេញយើង ៕ ប្រាថ្នា

ពិការ ពិការ២ ពិការ៣_1


ចែករំលែក៖