ភ្នំពេញ ៖ ករណីអគ្គីភ័យមួយបានកើតឡើង បណ្តាលឲ្យឆាបឆេះតូបលក់ដូររបស់អាជីវករអស់ជាច្រើន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវ ហើយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
ហេតុការណ៍អគ្គីភ័យ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតមានឡើងកាលពីវេលាម៉ោង ០៤ និង ១៥នាទីទៀបភ្លឺ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានអណ្តាតភ្លើងបានឆាបឆេះចេញពីខាងក្នុងតូបលក់ដូរយ៉ាងខ្លាំង បង្កជាអណ្តាតភ្លើងធ្វើឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរខាង និងអ្នកធ្វើដំណើរតាមផ្លូវ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចេញមកជួយអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គីភ័យឲ្យមកជួយបាញ់ពន្លត់ផងដែរ។
ប្រភពដដែលបន្តថា គ្រោះអគ្គីភ័យខាងលើនេះ គឺសមត្ថកិច្ចមិនទាន់បញ្ជាក់ថា បណ្តាលមកពីអ្វីពិតប្រាកដនៅឡើយទេ ហើយទំហំនៃការខូចខាតគឺមិនទាន់ដឹងនៅឡើយដែរ ឬក៏បណ្តាលមកពីអ្វីផងដែរ។
បន្ទាប់ពីមានហេតុការណ៍គ្រោះអគ្គីភ័យរួចមកកំលាំនគរបាលបានមកដល់កន្លែងកើតហេតុទំនាក់ទំនងទៅរថយន្តបង្កានិងពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមបាញ់ពន្លត់អស់រថយន្តជាច្រើនគ្រឿង។
សូមបញ្ជាក់ផងដែរថា ក្នុងការជួយបាញ់ពន្លត់គ្រោះអគ្គីភ័យ នេះគឺប្រើប្រាស់រថយន្តអស់ចំនួន១៨ គ្រឿង ទើបធ្វើឲ្យសន្ទុះនៃការឆេះថមថយបាននៅវេលាម៉ោង ៥និង ០០នាទីយប់ថ្ងៃដដែលនោះផងដែរ ៕ ព្រែកជ័យ